(ព្រៃវែង)៖ នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយគណៈអភិបាលខេត្តព្រៃវែង ដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នៅសាលាខេត្តព្រៃវែង។

កិច្ចប្រជុំនាព្រឹកនេះ ប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពអប់រំក្នុងក្របខណ្ឌខេត្ត និងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋានផ្ទាល់ លើការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនឹងវិស័យអប់រំក្នុងបរិបទកូវីដ១៩ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមនានា ដើម្បីដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឆ្លើយតបមួយដែលមានប្រសិទ្ធភាព និងទាន់ពេលវេលា។

លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការខិតប្រឹងប្រែងរបស់ គណៈអភិបាលខេត្ត មន្ទីរ និងមន្ត្រីអប់រំទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតាមចំណាត់ការរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់ការអប់រំ ដល់សិស្សានុសិស្សតាមគ្រប់លទ្ធភាព ក្នុងដំណាក់កាលកូវីដ១៩។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា «ខ្ញុំយល់ថាស្ថានភាពវិបត្តិជំងឺកូវីដ១៩ នេះ ពិតណាស់ គ្មាននរណាម្នាក់អាចរំពឹងទុកមុនបានឡើយ។ កន្លងមកក្រសួងអប់រំ និងមន្ទីរអប់រំផ្ទាល់បានខិតខំអនុវត្តការងារតាមអ្វីដែលអាចធ្វើបាន និងគ្រប់អស់ពីលទ្ធភាព ដោយប្រើប្រាស់នូវគ្រប់ធនធានដែលខ្លួនមានក្នុងដៃស្រាប់។ ប៉ុន្តែថ្វីបើយ៉ាងនេះក៏ដោយ អ្វីដែលបានធ្វើនេះ នៅមិនទាន់ល្អគ្រប់ទិដ្ឋភាព និងអាចឆ្លើយបានទាំងស្រុងទៅនឹងតម្រូវការជាក់ស្តែងឡើយ ដែលនេះទាមទារឲ្យ យើងទាំងអស់គ្នារួមគ្នា បន្តតាមដាន វាយតម្លៃ ជំរុញ និងបំពេញបន្ថែមនូវអ្វីដែលខ្វះ ដើម្បីធ្វើយ៉ាងណាឲ្យលទ្ធផលទទួលបានកាន់តែល្អប្រសើរ សម្រាប់រយៈពេលវែង»

ពាក់ព័ន្ធនឹងវិស័យអប់រំ យុវជន និងកីឡា គណៈកម្មការទី៧ នៃរដ្ឋសភាបានកត់សម្គាល់ឃើញថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ គោលការណ៍ជាបន្តបន្ទាប់ ក្នុងការដោះស្រាយបញ្ហាប្រឈមលើវិស័យអប់រំ ក្នុងបរិការណ៍កូវីដ១៩។ ជាងនេះទៅទៀត ក្នុងនាមជាសេនាធិការឲ្យរដ្ឋសភា និងក្នុងនាមជាគណៈកម្មការទទួលបន្ទុកលើវិស័យអប់រំផ្ទាល់ គណៈកម្មាធិការ កន្លងមកនេះ បានជួបជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំក្រសួង និងបានចុះមកមូលដ្ឋានផ្ទាល់ដើម្បីស្វែងយល់បន្ថែមពីសភាពការណ៍ជាក់ស្តែង។

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ ទេសចរណ៍នៃដ្ឋសភា សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធលើវិស័យអប់រំ ចំពោះការអនុវត្តការងារ និងការសម្រេចសមិទ្ធផល នានាកន្លងមក។ ជាមួយគ្នានេះ គណៈកម្មការទី៧ នឹងនៅបន្តតាមដាន ពិភាក្សារួមគ្នា ដើម្បីចូលរួមផ្តល់ជាធាតុចូលបន្ថែមក្នុងការដោះស្រាយនូវបញ្ហាទាំងឡាយ ដែលក្នុងសមត្ថកិច្ចរបស់គណៈកម្មការ។

សូមរំលឹកថា កាលពីខែសីហា ឆ្នាំ២០១៩ ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា បានជួបប្រជុំជាមួយគណៈអភិបាលខេត្ត និងប្រធានមន្ទីរទាំងបួនក្នុងបន្ទុក ដើម្បីស្វែងយល់ពីស្ថានភាព នៃការអភិវឌ្ឍជារួមក្នុងខេត្ត និងពិនិត្យ តាមដាននូវការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដោយឡែក កិច្ចប្រជុំព្រឹកនេះ គឺជាការចុះបេសកកម្មជុំទី២ របស់គណៈកម្មការទី៧ មកកាន់ខេត្តព្រៃវែង ដើម្បីបំពេញការងារការឆ្លើយតបទៅនឹងស្ថានភាពនៃការវិវត្តសង្គម ជាពិសេសក្នុងដំណាក់កាលកូវីដ១៩៕