(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមករានេះ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបង្ហោះសារ នៅលើបណ្តាញសង្គម Facebook របស់លោកផ្ទាល់ ដោយបានគាំទ្រនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានស្នើឲ្យសាធារណជន ជាពិសេសគឺយុវជន បញ្ឈប់ការជក់បារីឲ្យបានគ្រប់ៗគ្នា។ ក្រៅពីការគាំទ្រ, មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិរូបនេះ បានស្នើឲ្យសម្តេចតេជោ សែន ចាត់វិធានក្តៅលើជនណា ដែលបង្កឲ្យមានផ្សែងបារីនៅទីសាធារណៈ និងតាមការិយាល័យនានាផងដែរ។
Facebook របស់ លោកអេង ឆៃអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគាំទ្រ និងសូមសម្តេច មានវិធានការណ៍ទប់ស្កាត់កុំឲ្យមានផ្សែងបារីនៅតាមការិយាល័យ ភោជនីយដ្ឋាន មន្ទីរពេទ្យ ទីសាធារណៈនានា»។
សូមជំរាបថា ការគាំទ្ររបស់លោក អេង ឆៃអ៊ាង នៅពេលនេះ បានធ្វើឡើង ក្រោយពី សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់យុវជនទាំងអស់ឲ្យឈប់ជក់បារី និងកុំរៀនជក់បារី ដើម្បីសន្សំសំចៃប្រាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ មិត្តភក្តិអ្នកប្រាស្រ័យការងារ ឬអ្នករស់នៅក្នុងសហគមន៍ទាំងមូលផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារនៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះថា សម្តេចបានចេះជក់បារី បន្ទាប់ពីសម្តេចចូលធ្វើជាកងទ័ពតស៊ូនៅក្នុងព្រៃ តាមព្រះរាជអំពាវនាវរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ៤ មេសា ១៩៧០។ ការជក់បារីនេះ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងការរងារ កាត់បន្ថយមូស និងសត្វល្អិតខាំ។
ព្រោះតែដើម្បីមនុស្សជាទីស្រឡាញ់ជុំវិញខ្លួន សម្តេចតេជោ បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ឈប់ការជក់បារី។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា សម្តេចបានបញ្ឈប់ការជក់បារីទាំងស្រុងនៅខែមិនា ឆ្នាំ២០១៤ ហើយមកដល់បបច្ចុប្បន្ននេះមានរយៈពេល ២២ខែហើយ។
សម្តេចតេជោ បានថ្លែងអំពាវនាវទៅកាន់យុវជនខ្មែរយ៉ាងដូច្នេះ «ដោយយោងទៅលើបទពិសាធន៍ជាយុវជនជំនាន់មុន ខ្ញុំសូមអំពាវ នាវចំពោះប្រជាជនដែលបាននិងកំពុងជក់បារី សូមមេត្តាឈប់ជក់បារី។ ចំពោះយុវជន យុវនារី ដែលមិនទាន់ចេះជក់បារី សូមកុំរៀនជក់បារី វាមិនមែនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសុខភាពផ្ទាល់របស់យើងម្នាក់ៗ របស់ក្រុមគ្រួសារយើង របស់មិត្តភ័ក្តដែលរួមប្រាស្រ័យការងារជាមួយយើង របស់សហគមន៍យើង និងដល់បរិស្ថានដែលជាផ្នែកមួយនៃសុខភាពសាធារណៈ»។
ជាការកត់សំគាល់ យោងតាមរបាយការណ៍របស់សុខភាពពិភពលោក ធ្លាប់បានបញ្ជាក់ថា កម្ពុជា បានខាតបង់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារការជក់បារី៕