(ភ្នំពេញ)៖ ឃាតកដែលរំលោភសម្លាប់ក្មេងស្រីក្នុងបន្ទប់ជួល នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលម្សិញមិញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ។
តាមសំដីសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុរូបគេមានអាការស្រវឹង ឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ម្នាក់ឯង ក៏ចូលក្នុងបន្ទប់ចាប់ក្មេងស្រីនោះឆក់ និងអារ.ក ទើបរំលោភ។
នៅពេលនេះឃាតក ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងបន្តនីតិវិធី។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ដោយមានការសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ដោយធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ ដោយសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ, កម្លាំងនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលខណ្ឌព្រែកព្នៅ , កម្លាំងនគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ក្មេងស្រីម្នាក់ត្រូវបានឃាតករំលោភរួចអារ.កសម្លាប់បំបិទមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតកាយ នៅក្នុងថ្លុកឈាម។
សាកសពនាងត្រូវបានបងប្រុសជីដូនមួយប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីដែលត្រូវបានសម្លាប់នោះមានឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ មានឪពុកឈ្មោះ ទ្រី អ៉ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ព្រោះតែការតក់ស្លុតខ្លាំងពេក ម្ដាយបានយំសោករហូតដល់សន្លប់។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងផ្ទះអ្នកជិតខាងជាមួយម្ដាយ ក្រោយមកមេឃងងឹតជិតធ្លាក់ភ្លៀង នាងបានទៅប្រមូលខោអាវ ដែលហាលទុកនៅជិតបន្ទប់ជួលដែលស្នាក់នៅ ហើយក៏បាត់រហូតមិនបានឃើញត្រឡប់ទៅរកម្ដាយវិញឡើយ។ ចំណែកម្ដាយ ក៏មិនបានទៅតាមកូនស្រីរូបនេះដែរ។
លុះក្រោយពីរាំងភ្លៀងរយៈពេល១ម៉ោងក្រោយមក មានយុវជនម្នាក់ដែលត្រូវជាក្មួយគាត់ និងជាបងប្រុសជីដូនមួយនារីរងគ្រោះ ជិះម៉ូតូទៅកាន់បន្ទប់ជួលនោះ ក្នុងបំណងឌុបកូនប្រុសគាត់ម្នាក់ទៀត ដែលត្រូវជាបងប្រុសបង្កើតនារីរងគ្រោះ ទៅរកហូបអាហារល្ងាចនៅខាងក្រៅ។
ពេលទៅដល់បានប្រទះឃើញនាងរងគ្រោះស្លាប់ ដោយអាក្រាតកាយនៅក្នុងថ្លុកឈាម និងមានស្នាមអារ.កថែមទៀត ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច្ច័យ៕