ស្នងការនគរបាលបាត់ដំបង៖ ក្រោយករណីប្លន់ ដកយកលោកអធិការនគរបាលស្រុកកំរៀង មកបម្រើការងារនៅថ្នាក់ខេត្តវិញ
28-01-2016 19:20
(បាត់ដំបង)៖ លោកឧត្ដមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែមករានេះថា បន្ទាប់ពីក្រុមចោរប្រដាប់អាវុធ ចូលបាញ់ជិត១០គ្រាប់ ប្លន់យកគ្រឿងអលង្ការនៅស្រុកកំរៀង ខេត្តបាត់ដំបងស្លាប់ម្នាក់ របួស៣នាក់ យកទ្រព្យសម្បត្តិមួយចំនួន ហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព នៅយប់ថ្ងៃទី២៧ ខែមករាម្សិលមិញ, នៅថ្ងៃនេះលោកបានសម្រេចដកយក អធិការស្រុកកំរៀង លោកវរសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា មកធ្វើការនៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបណ្តោះអាសន្នសិន។
សូមជំរាបថា នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៦ ស្តីពីការប្រជុំដាក់ផែនការពង្រឹង សន្តិសុខទប់ស្កាត់ និងស្វែងរកបង្ក្រាប អំពើប្លន់ នៅក្នុងខេត្តបាត់ដំបង, លោកស្នងការក៏បានលើឡើងអំពីការដកលោក អធិការនគរបាលស្រុកកំរៀង ដើម្បីយកមកបម្រើការងារនៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបណ្តោះអាសន្នសិន។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ក្រុមចោរប្រដាប់ដោយកាំភ្លើងAK១ដើម និងកាំភ្លើងខ្លី២ដើម បានចូលទៅបាញ់ប្លន់ជិត១០គ្រាប់ (AK ៥គ្រាប់ និងកាំភ្លើងខ្លី ៣គ្រាប់) នៅផ្ទះលក់ដូរមួយកន្លែង ស្ថិតនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ហើយក្រុមចោរបានប្រមូលយកគ្រឿងអលង្ការអស់មួយចំនួន ហើយក្រុមចោរគេចខ្លួនដោយសុវត្ថិភាព៕