(ត្បូងឃ្មុំ)៖ ខណៈពិធីបុណ្យកាន់បិណ្ឌបាននិងកំពុងរំកិលខិតជិតមកដល់នោះ ក្រសួងសុខាភិបាលបានអំពាវដល់អាជ្ញាធរពាក់ព័ន្ធទាំង២៥រាជធានី-ខេត្ត ត្រូវចាត់វិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសកាន់បិណ្ឌនេះ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលនៅក្នុងសហគមន៍។
ការអំពាវនាវនេះធ្វើឡើនាឱកាសបើកកិច្ចប្រជុំរួមគ្នាស្តីពីវិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងខេត្តត្បូងឃ្មុំ នារសៀលទី០១ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ប្រតិភូក្រសួងសុខាភិបាល មន្រ្តីអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរសុខភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។
លោកស្រី ឱ វណ្ណឌីន បានធ្វើកាជំរុញដល់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំគ្រប់លំដាប់ថ្នាក់ និងតាមមូលដ្ឋាននានានៅក្នុងខេត្តត្បូងឃ្មុំ ឲ្យបន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារការឆ្លងនូវជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុននេះ ដល់ប្រជាពលរដ្ឋទូទៅដែលជាពុទ្ធសាសនិកជន និងគណៈកម្មការគ្រប់វត្តអារាម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់កូវីដ-១៩ ដែលក្រសួងសុខាភិបាលបានដាក់ចេញឱ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្នក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា សម្រាប់ខេត្តត្បូងឃ្មុំ នៅតែបន្តការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានគ្រប់បណ្តាក្រុង ស្រុក ឃុំ សង្កាត់ និងភូមិក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
បន្ថែមលើសពីនេះ លោកអភិបាលខេត្តក៏បានរៀបចំដាក់ផែនការរួចរាល់ទៅដល់មន្ត្រីសុខាភិបាល អ្នកពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរមូលដ្ឋានអនុវត្តន៍ឲ្យមានប្រសិទ្ធភាព ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការចម្លងជំងឺកូវីដ-១៩ ដើម្បីប្រជាពលរដ្ឋជៀសផុតពីជំងឺឆ្លងពាសពេញពិភពលោកដ៏កាចសាហាវនេះផងដែរ៕