(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរចំនួន ៧នាក់ ត្រូវបានអជ្ញាធរប្រទេសថៃ បន្តធ្វើការបញ្ជូនខ្លួនមក ឱ្យអាជ្ញាធរខ្មែរវិញ តាមច្រកអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីបានជាប់ឃុំឃាំងអស់រយៈពេលជាច្រើនឆ្នាំក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់។
បើតាមរបាយការរបស់សមត្ថកិច្ចបានបញ្ជាក់ ឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាំង ៧នាក់ ដែលអាជ្ញាធរថៃ ធ្វើការបញ្ជូនខ្លួនមកវិញ គឺរស់នៅខេត្តកំពង់ស្ពឺ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ពួកគេត្រូវបានទាហានថៃចាប់ខ្លួននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូង ចូលតាមច្រកម៉ាឡៃក្នុងខេត្តបន្ទាយមានជ័យ និងច្រកអូរ៥០ ក្នុងខេត្តឧត្តរមានជ័យ និងនាំយកទៅឃុំខ្លួននៅខេត្តសោភ័ណបុរី (Suphanburi) និងខេត្តសិរីសាកេត (Sisaket) ប្រទេសថៃ។
បន្ទាប់ពីបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងស្កែនកម្ដៅរកមេរោគកូវីដ-១៩ រួចមក ពួកគេត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕