(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក ប៉ាទ្រីក មើហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានជួបពិភាក្សាជាមួយគ្នា ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពល ព្រមទាំងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថានទូតសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ លោក វ៉ី សំណាង បានថ្លែងអំណរលោក ប៉ាទ្រីក មើហ្វី (W.Patrick Murphy) ដែលបានឆ្លៀតពេលវេលាមកសិក្សាស្វែងយល់អំពីសក្ដានុពល និងសិក្សាលទ្ធភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថានទូតសហរដ្ឋអាមេរិក និងបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្ដានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តមានស្រាប់ និងសម្រេចបានថ្មីៗ ។

ក្នុងឱកាសនោះផងដែរ ឯកអគ្គរដ្ឋទូត បានថ្លែងនូវការអគុណចំពោះ លោកអភិបាលខេត្ត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូស្ថានទូតសហរដ្ឋអាមេរិក ព្រមទាំងបានផ្ដល់ជូននូវព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងខេត្តកំពង់ស្ពឺ ហើយលោកពិតជារីករាយណាស់ដោយបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ជាពិសេសរោងចក្រជាច្រើនបានផ្ដល់ការងារដល់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ ក៏ដូចជាវិធានការយ៉ាងល្អប្រសើរដែលរដ្ឋបាលខេត្ត បានអនុវត្តក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាដើម៕