(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់លេខមួយប្រព័ន្ធ «069 516 999» ដើម្បីឱ្យប្រជាពលរដ្ឋទាក់ទងដាក់ពាក្យបណ្តឹងលើករណីផ្សេងៗ ក្នុងករណីទៅដាក់ពាក្យពាក្យបណ្តឹងនៅតាមអធិការដ្ឋាន ឬប៉ុស្តិ៍នគរបាលមិនមានអ្នកទទួលទេនោះ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ត្រូវតែមានមន្ត្រីប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។
លោកបន្ថែមថា ក្នុងករណីមិនមានអ្នកប្រចាំការ ឬមិនទទួលពាក្យបណ្តឹងទេនោះ ប្រជាពលរដ្ឋអាចទាក់ទងទៅលេខដែលបានបង្ហាញនេះ។
គេតែងឱស្សាហ៍ឮប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ តែងបានរអ៊ូរទាំលើបញ្ហាទៅដាក់ពាក្យបណ្តឹង ឬទៅប្តឹងផ្តល់រឿងចោរកម្ម ឬហេតុការណ៍ផ្សេងៗ តែបែរជាមិនបានជួបមន្ត្រីនគរបាល ជាពិសេសនៅពេលយប់ព្រលប់។
ការដាក់លេខសម្រាប់ទាក់ទងក្នុងករណីមិនមានមន្ត្រីនគរបាលចាំទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនេះ ត្រូវបានគេមើលឃើញថា ជាយន្តការថ្មីមួយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងការរអ៊ូរទាំងទាំងនេះ។ យន្តការនេះក៏ជាធ្វើឱ្យប្រសើរឡើងក្នុងការបម្រើសេវាសាធារណៈរបស់មន្ត្រីនគរបាលឱ្យភាពល្អប្រសើរជាងមុនផងដែរ៕