(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានស្នើឲ្យអូស្ត្រាលីបន្តផ្តល់ជាជំនួយផ្សេងៗដល់កម្ពុជា ជាពិសេសជួយអភិវឌ្ឍ និងវិនិយោគលើវិស័យហាឡាល ដូចជាការចិញ្ចឹមសត្វគោ ពពែ ចៀម នៅកម្ពុជា ដោយស្នើឲ្យជួយកៀរគរអ្នកជំនាញ និងវិនិយោគិន មកសិក្សាលើការវិនិយោគលើវិស័យនេះ។
ការស្នើយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលទេសរដ្ឋមន្ត្រី បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ផាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្តថា ការវិនិយោគនោះនឹងទទួលបានផលចំណេញច្រើន ក្នុងខណៈដែលប្រទេសកម្ពុជា មានសក្តានុពល និងអំណោយផលស្រាប់ ព្រមទាំងទទួលបាននូវការអនុគ្រោះពន្ធ ពីបណ្តាប្រទេសអ្នកមានជាច្រើន។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបពីស្ថានភាពសេដ្ឋកិច្ច នយោបាយ ក៏ដូចជាស្ថានភាពសហគមន៍ឥស្លាមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ជាខ្លាំង ដោយសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា បានទទួលនូវអត្ថប្រយោជន៍ជាច្រើនសព្វបែបយ៉ាង។ ជារួមរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវសិទ្ធិសេរីភាពស្មើៗគ្នា ចំពោះប្រជាជនទាំងអស់ដោយមិនរើសអើងជាតិសាសន៍ កត្តានេះហើយដែលបានធ្វើឲ្យប្រទេសកម្ពុជា ប្រកបទៅដោយសុខដុមបនីយកម្ម។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា-អូស្ត្រាលី នឹងកាន់តែរឹងមាំថែមទៀតលើគ្រប់វិស័យ។ ជាពិសេស សង្ឃឹមថា កម្ពុជានឹងទទួលបានអាហារូបករណ៍ថែមទៀត ជូនដល់សិស្សនិស្សិត ដើម្បីបានទៅសិក្សានៅប្រទេសអូស្ត្រាលី ដោយប្រទេសអូស្ត្រាលី ក៏មានភាពល្បីល្បាញផងដែរខាងសិក្សាធិការ។
ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូតអូស្ត្រាលី បានថ្លែងអំណរគុណ និងបានមានលើកឡើងថា រាជរដ្ឋាភិបាលអូស្ត្រាលី បាននិងកំពុងផ្តល់នូវជំនួយសប្បុរសធម៌ លើវិស័យបីសំខាន់ៗដូចជា សុខាភិបាល សង្គមកិច្ច និងសេដ្ឋកិច្ច។ ជាក់ស្តែងក្នុងវិស័យសុខាភិបាល អូស្ត្រាលីបានជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបានផ្តល់នូវរថយន្តពេទ្យចំនួន ១០គ្រឿង ព្រមទាំងថ្នាំពេទ្យជាច្រើន។
ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច អូស្ត្រាលី បានជួយសហការជាមួយ ក្រសួងផែនការក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗ ដើម្បីស្រាវជា្រវរកប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដើម្បីទទួលបាននូវជំនួយផ្សេងៗ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩នេះ។
លោកអះអាងទៀតថា ដោយឡែកលើវិស័យសេដ្ឋកិច្ច អូស្ត្រាលីក៏បានធ្វើការវិនិយោគជាច្រើន ដើម្បីជួយឲ្យសេដ្ឋកិច្ចកម្ពុជា ស្តារឡើងវិញក្នុងអំឡុងពេលកូវីដ១៩។ អូស្ត្រាលីក៏បានយកចិត្តទុកដាក់ជាសំខាន់ លើវិស័យកសិកម្ម ដោយបានសន្យាថា នឹងធ្វើយ៉ាងណាដើម្បីជួយពង្រឹងវិស័យនេះ ឲ្យកាន់តែមានភាពប្រសើរឡើង ព្រោះវិស័យនេះកម្ពុជា មានលទ្ធភាពច្រើន ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ច បន្ទាប់ពីបានប៉ះពាល់ដោយសារជំងឺកូវីដ១៩។
សូមរំលឹកថា កម្ពុជា និងអូស្ត្រាលី បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥២។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ អូស្ត្រាលីបានបើកស្ថានទូតនៅភ្នំពេញឡើងវិញ៕