(ត្បូងឃ្មុំ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះមកឃុំទន្លូង ស្រុកមេមត់ ដោយនាំយក ធាតុចូល កសិកម្មមួយចំនួន មកចែកជូនសមាជិកបណ្តុំកសិកម្ម ស្ថិតនៅក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ចំនួន៨៤គ្រួសារ។ ពិធីនេះ បានរៀបចំ ក្នុងបរិវេណសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ចង្គុំទី១ ភូមិចង្គុំទី១ ឃុំទន្លូង ស្រុកមេមត់។
លោកប្រធានមន្ទីរកសិកម្មខេត្ដ បានឲ្យដឹងថា ខេត្តបានអនុវត្តអនុកម្មវិធីស្តីពី ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅមេសា ឆ្នាំ២០១៩។
អនុកម្មវិធីទាំងនោះ មានដូចជាដំណាំស្រូវ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ការដាំបន្លែ ដំឡូងមី និងការផ្សារភ្ជាប់ផលិតផលកសិកម្ម ទៅកាន់ទីផ្សារនៅក្នុង ៧ស្រុក/ក្រុង មាន៣០ឃុំ ១៥៦ភូមិ និងមាន៤៩បណ្តុំ មានសមាជិក ២,០៨១គ្រួសារ ក្នុងនោះ រួមមាន៖ បណ្តុំអាជីវកម្មស្រូវចំណី៦ មានផ្ទៃដី៦៨៣ហិកតា បណ្តុំអាជីវកម្មស្រូវពូជ២ មានផ្ទៃដី៥២ហិកតា បណ្តុំអាជីវកម្មចិញ្ចឹមមាន់១៥ បណ្តុំអាជីវកម្មបន្លែ១០ មានផ្ទៃដី៧៨ហិកតា បណ្តុំអាជីវកម្មចិញ្ចឹមត្រី១៤ មានស្រះ២៩៣ និងបែ១៩០ និងបណ្តុំ អាជីវកម្មដំឡូងមី២បណ្តុំ មានផ្ទៃដី២០៧ ហិកតា។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទាន សម្រាប់អនុវត្តកម្មវិធីខាងលើ ដែលកម្មវិធីនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកផលិតកម្មស្បៀង ស្របពេលដែលវិស័យមួយចំនួន កំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។
ជំនួយសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការលើកកំពស់កម្រិត ជីវភាពតាមរយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះ ដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាត ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាព ការចងក្រងបណ្តុំអាជីវកម្ម និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈនៃគំនិតផ្តួចផ្តើម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។
បច្ចុប្បន្ន កម្មវិធីនេះ គឺមានឥទ្ធិពលជាវិជ្ជមាន ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ ទំហំផលិតកម្មតូច ដែលងាយទទួលរងគ្រោះ ដោយផ្តោតជាសំខាន់ ទៅលើការលើកកំពស់ប្រសិទ្ធភាពសេវាកម្មកសិកម្ម ឆ្លើយតបនឹងតម្រូវការរបស់កសិករខ្នាតតូច និងជួយកសិករឲ្យចេះធ្វើអាជីវកម្មកសិកម្មពីបែបចិញ្ចឹមជីវិត ទៅជាកសិកម្មតាមបែបពាណិជ្ជកម្ម និងក្លាយជាសហគ្រិនភាពនៅជនបទ។
យោងលើសមិទ្ធផលដ៏ធំធេង ដែលកម្មវិធីសម្រេចបាន ពិតណាស់បានចូលរួមអនុវត្តន៍ យ៉ាងពេញលេញនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែកក្កដា នៅខេត្តព្រៃវែង គឺជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំពង្រីកចលនាបង្កបង្កើនផល ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំរួមផ្សំឲ្យកាន់តែសកម្មទ្វេឡើង ដើម្បីបង្កើតការងារ រក្សានិរន្តរភាពប្រាក់ចំណូល និងធានាបានសន្តិសុខស្បៀង ក្នុងបរិបទដែលពិភពលោក បាននិងកំពុងតែ ប្រឈមវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារជំងឺឆ្លងកូវីដ-១៩។
ករណីនេះ លោករដ្ឋមន្ដ្រី វេង សាខុន បានណែនាំឲ្យអង្គភាពអនុវត្តន៍ និងអ្នកទទួលផល ពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗ បន្ថែមទៀត ធ្វើយ៉ាងណាឲ្យស្រប ទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដើម្បីក្រសោបយកឱកាសមាស ចាប់យកកាលានុវត្តភាព បង្កើនការផលិត ធានាដល់ការផ្គត់ផ្គង់ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ត្រូវចូលរួមសហការ ឲ្យបានពេញលេញជាមួយមន្ទីរ ដើម្បីបង្កលក្ខណងាយស្រួល និងឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាង ក្នុងទិសដៅចំបង គឺបង្កើនការផលិតក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ក្នុងខណៈដែលយើងកាត់បន្ថយការនាំចូលកសិផលពីខាងក្រៅ។
សម្រាប់រសៀលថ្ងៃនេះ ធាតុចូលកសិកម្មសម្រាប់យកមកចែកជូន សមាជិកបណ្តុំក្នុងឃុំទន្លូង ៨៤គ្រួសារ មានទុយោសាច៨៤ដុំ សំណាញ់ទ្រើង ២៦០ដុំ កៅស៊ូគ្របរង ៨៤ដុំ ថាសបណ្តុះកូន ៣៦០បន្ទះ គ្រាប់ពូជត្រសក់ ៨៤កញ្ចប់ សណ្តែកកួរ ១៦៨កញ្ចប់ ខាតណាដើម ៨៤កញ្ចប់ ស្ពៃចង្កឹះ ៨៤កញ្ចប់ ស្ពៃក្រញាញ់ ៨៤កញ្ចប់ ដែលត្រូវដាំដុះលើផ្ទៃដី១០ហិកតា៕