(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ឱ្យបន្តផ្សព្វផ្សាយផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ដល់ប្រពលរដ្ឋនៅក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ ការអភិវឌ្ឍនៅតំបន់ព្រំដែន ឱ្យស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាទីប្រជុំជន និងព្រំដែនសន្តិភាព។
ការការផ្តាំផ្ញើបែបនេះរបស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើឡើង ក្នុងពិធីបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយផែនទីឋានលេខាព្រំដែនគោកខ្នាត១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធទូទាំងខេត្តយ៉ាងច្រើនផងដែរ។
អភិបាលខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើយ៉ាងដូច្នេះថា៖ «អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តទាំងអស់ សូមយកទៅផ្សព្វផ្សាយបន្តពីផែនទីឋានលេខាព្រំដែនគោកខ្នាត១/២៥០០០នេះ ជូនដល់ប្រពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខ និងការអភិវឌ្ឍនៅតំបន់ព្រំដែន ស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល «ប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាទីប្រជុំជន» ដោយសម្រេចបានសមិទ្ធផលខ្ពស់ តាមរយៈបង្កើតឱ្យមានគណៈកម្មការអភិវឌ្ឍន៍ព្រំដែនខេត្ត ដែលជាយន្តការដឹកនាំ និងអនុវត្តការងារអភិវឌ្ឍន៍ព្រំដែន ប្រកបដោយចក្ខុវិស័យច្បាស់លាស់»។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តថា ការផ្សព្វផ្សាយជាសាធារណៈនូវផែនទីឋានលេខាព្រំដែនគោកខ្នាត១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមនាថ្ងៃនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ធំធេង សម្រាប់កម្ពុជា ហើយក៏ពិធីទទួលស្គាល់ផែនទីជូនទៅស្ថាប័នពាក់ព័ន្ធទុកប្រើប្រាស់ជាចាំបាច់ ដែលជាលើកដំបូង ហើយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានផលិតផែនទីព្រំដែន នៃប្រទេសរបស់ខ្លួន។ ម្យ៉ាងទៀត សមិទ្ធផលដែលយកមកបង្ហាញនាថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយពេលដ៏វែងឆ្ងាយ ឆ្លងកាត់ពុះពារគ្រប់ឧបសគ្គ ទាំងជាមួយភាគីដៃគូ និងជនអគតិ ដែលតែងតែបង្កើត បំផ្លើស និងបំភាន់មតិសាធារណជាតិ និងអន្តរជាតិ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មុតស្រួចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងឆន្ទៈ សម្រេចឱ្យបានព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិ និងអភិវឌ្ឍរឹងមាំ ដើម្បីភាពចម្រុងចម្រើរបស់ជាតិមាតុភូមិ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តន៍ជាអន្តរជាតិ ស្តីពីខ្សែព្រំដែនមិនកែប្រែនូវពេលដែលកម្ពុជាបានឯករាជ្យ។
លោកបានគូសបញ្ជាក់ថា ការផលិតផែនទីព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ជាការសម្រេចចិត្តដោយប្រទេសទាំងពីរ យោងតាមប្រការទី៤ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ ផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥ ០០០ ជាផែនទីបង្ហាញពីផលប្រមាណជាង ៨៤ភាគរយ ដែលភាគីកម្ពុជា និងវៀតណាម សម្រេចបានលើការងារព្រំដែន ជាផែនទីផលិតឡើងតាមការយករូបភាពពីលើអាកាស Aerial photos មកធ្វើជាផែនទី Ortho-photosmaps ដើមបែបបច្ចេកវិទ្យាថ្មីទំនើប មានភាពជាក់លាក់ ពោលគឺជាផែនទីដែលបង្ហាញច្បាស់ ពីព័ត៌មានបច្ចុប្បន្នភាពនៃដី ជាក់ស្តែងដែលមានទីតាំងបង្គោលព្រំដែន ខ្សែព្រំដែន និយាមការ និងមានស្ថានលេខាជាក់លាក់ ដែលជាលទ្ធផលនៃការងារកំណត់ឡើងដោយក្រុមជំនាញចម្រុះ នៃប្រទេសទាំងពីរ៕