(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជំរុញឲ្យលោក George Edgar អគ្គរដ្ឋទូត EU ក្តាប់ព័ត៌មានឲ្យបានច្បាស់ ពីកម្ពុជា មុននឹងសម្រេចកិច្ចការអ្វីមួយ ចៀសវាងការទទួលព័ត៌មានមិនច្បាស់ការ ដែលអាចធ្វើឲ្យប៉ះពាល់ដល់គម្រោង និង កិច្ចសហប្រតិបត្តិការជាដៃគូ។
ការលើកឡើងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ខណៈដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញតឲ្យ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរុប (EU) ជួបសំដែងការគួរសម និងពិភាក្សាការងារ។
ឯកអគ្គរដ្ឋទូត (EU) បានថ្លែងថា លោកមកកម្ពុជានាពេលនេះតំណាងឲ្យប្រទេសចំនួន ២៨រដ្ឋ នៅសហគមន៍អ៊ឺរ៉ុប។ លោក George Edgar បានមើលឃើញពីការរីកចំរើនយ៉ាងខ្លាំងរបស់កម្ពុជា ហើយបានសំដែងនូវការសាទរចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងសហគមអ៊ឺរ៉ុប ជាពិសេស លើវិស័យអប់រំ កសិកម្ម។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះវត្តមានរបស់ លោក George Edgar និងបានអរគុណចំពោះសហគមអ៊ឺរ៉ុបដែល បានជួយដល់កម្ពុជា កន្លងមកទល់សព្វថ្ងៃនេះ។ សម្តេចតេជោ បានស្នើឲ្យសហគមអ៊ឺរ៉ុបបន្តធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យគម្រោងនានា ទទួលបានជោគជ័យ។
ទន្ទឹមនឹងនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យលោកអគ្គរដ្ឋទូត EU ក្តាប់ព័ត៌មានឲ្យបានច្បាស់ពីកម្ពុជា មុននឹងសម្រេចកិច្ចការអ្វីមួយ ចៀសវាងការទទួលព័ត៌មានមិនច្បាស់ការ ដែលអាចធ្វើឲ្យប៉ះពាល់ដល់គម្រោង និង កិច្ចសហប្រតិបត្តិការជាដៃគូ។ លោក George ក៏ធ្លាប់មកកម្ពុជាពីមុនមកដែរ ហើយសង្ឃឹមថាតាមរយៈបេសកកម្មការទូតនេះនឹងជំរុញអោយកម្ពុជានិង EU កាន់តែជិតស្និទ្ឋមួយកម្រិតធំថែមទៀត។
សូមជំរាបថា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបប្រជុំពិភាក្សាជាមួយលោកអគ្គរដ្ឋទូតអាមេរិករួចហើយ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញតឲ្យលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរុប (EU) ជួបសំដែងការគួរសម និងពិភាក្សាការងារ៕