(ភ្នំពេញ)៖ ការដ្ឋានខួងដាក់លូ ជំរៅ៨ម៉ែត្រ ដែលជាបច្ចេកវិជ្ជាថ្មីមួយ ក្នុងការខួងដីដោយស្វ័យប្រវត្តិដាក់លូក្រោមដី ដោយមិនបាច់ប្រើមនុស្ស ចាប់ពីមុខស្តាតចាស់ នៃផ្លូវលេខ៧០ មានប្រវែង១,៥៥២ម៉ែត្រ រហូតដល់ចំណុចអាងក្រោមដី សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ហើយ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ការដ្ឋានខួងដាក់បណ្តាញ ដាក់លូ ក្រោមដីជំរៅ ៨ម៉ែត្រ ទំហំ០.៨ម៉ែត្រ ប្រវែង១,៥៥២ម៉ែត្រ ចាប់ពីមុខស្តាតចាស់ នៃផ្លូវលេខ៧០ ឆ្លងក្រោមសួនច្បារកួចកាណុង ផ្លូវលេខ៤៧, ផ្លូវលេខ៨០, តិរិវិថីព្រះស៊ីសុវត្ថិ រហូតដល់ចំណុចត្រង់អាងក្រោមដី សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានបញ្ចប់ដោយលោកបញ្ជាក់ថា ក្នុង១ថ្ងៃ ម៉ាស៊ីនខួងដីស្វ័យប្រវត្តិនេះ អាចខួងបញ្ចូលលូបានប្រវែង១០ម៉ែត្រ។
គួរបញ្ជាក់ថា បច្ចេកវិទ្យាថ្មី ដោយប្រើគ្រឿងចក្រទំនើប (ខួងដី ជែក ឃីង) បានចាប់ផ្ដើមបើកការដ្ឋានឲ្យដំណើរការ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ ខណ្ឌដូនពេញ ក្រោមវត្តមានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងតំណាងស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា និងតំណាងអង្គការចៃកា។
គម្រោងខួងដី (ជែក ឃីង) ដាក់លូស្វ័យប្រវត្តិ ដោយមិនបាច់ប្រើប្រាស់មនុស្ស ចុះទៅក្នុងការដ្ឋាននេះ ទើបតែមានជាលើកទី១ នៅរាជធានីភ្នំពេញ មានចម្ងាយប្រវែង១,៥៦០ម៉ែត្រ ក្នុងជម្រៅក្រោមដី៨ម៉ែត្រ ដោយខួងចាប់ចេញពីមុខស៊ីឌីស៊ី រហូតដល់ផ្លូវលេខ៧០ (ទំនប់ទួលគោក) កាត់ក្រោមរង្វង់មូលគួចកាណុង។
ការប្រើប្រាស់បច្ចេកវិជ្ជាថ្មីមួយនេះ វាមិនរំខានទៅដល់ការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រោះវា ខួងនៅក្រោមដីជម្រៅរហូតដល់៨ម៉ែត្រហើយនេះ ក៏ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ផងដែរ។
គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ មានទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។
គម្រោងនេះ នឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖
១៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង៨.២គីឡូម៉ែត្រ
២៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ
៣៖ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC
៤៖ តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹក នៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់
៥៖ ផ្តល់រថយន្តបូមទឹកចល័ត ចំនួន២គ្រឿង៕