(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បានជំរុញអ្នកផ្គត់ផ្គង់ទឹកស្អាត ត្រូវធ្វើតេស្តរកមេរោគ និងសារធាតុគីមី ដែលធ្វើឱ្យពុលទឹក ឬកខ្វក់ និងត្រូវតែរិះរកធ្វើយ៉ាងណារកប្រភព ឬទីតាំងសម្រាប់ស្តុកទឹកសម្រាប់ផ្ទាល់ខ្លួន ដើម្បីធានាការផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋមិនឱ្យមានការខ្វះខាត។

ការជំរុញបែបនេះ របស់លោកកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានធ្វើឡើងក្នុងពិធីជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយប្រតិបត្តករ ផ្គត់ផ្គង់ទឹកស្អាតខេត្ត ដែលមានការចូលរួមពីសំណាក់ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត មន្រ្តីរាជការ ស្ថាប័ន អង្គភាព អភិបាលក្រុង-ស្រុក តំណាងក្រុមហ៊ុនទឹកស្អាត អាជីវករជុំវិញខេត្ត នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានជំរុញយ៉ាងដូច្នេះថា៖ «ជាមួយនឹងការផ្គត់ផ្គង់ទឹកនោះដែរ អ្នកផ្គត់ផ្គង់ទឹកស្អាត ត្រូវធ្វើតេស្តរកមេរោគ និងសារធាតុគីមី ដែលធ្វើឱ្យពុលទឹក ឬកខ្វក់ ហើយមានតែការធ្វើប្រព្រឹត្តកម្មទឹកតែប៉ុណ្ណោះ ដែលអាចធានាថាទឹកអាចផឹកបាន […] ដល់អ្នកគ្រប់គ្រង និងផ្គត់ផ្គង់ទឹកស្អាតត្រូវតែត្រូវរិះរកធ្វើយ៉ាងណារកប្រភព ឬទីតាំងសម្រាប់ស្តុកទឹកសម្រាប់ផ្ទាល់ខ្លួន ដេីម្បីធានាការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋមិនឱ្យមានការខ្វះខាត»

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានឱ្យដឹងថា ប្រភពទឹកជារឿងសំខាន់ ដែលត្រូវគិតគូរដោះស្រាយ ឱ្យបានតាមតម្រូវការ របស់ពលរដ្ឋ ពិតណាស់ទឹកមានប្រភពជាច្រើនតែអ្វីដែលសំខាន់ គឺគុណភាពទឹកដែលតម្រូវឱ្យអ្នកផ្គត់ផ្គង់ទឹកទាំងអស់ ត្រូវតែគួរគិតពីបញ្ហានេះ។ ទឹកស្អាត គឺជាទឹកដែលថ្លាគ្មានមេរោគ ឬសារធាតុគីមីផ្សេងៗ ដែលមនុស្សអាចយកទៅផឹក ឬប្រើប្រាស់បាន។

លោកទេសរដ្ឋមន្ត្រី ក៏បានឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ទឹកស្អាតទីប្រជុំជន ជាចក្ខុវិស័យរបស់រដ្ឋាភិបាល បានកំណត់ទស្សនវិស័យសម្រាប់វិស័យនេះ គឺ «ប្រជាជនគ្រប់រូបត្រូវទទួលបានទឹកស្អាត ដែលមានគុណភាព ថ្លៃសមរម្យ និងមានចីរភាពនៅត្រឹមឆ្នាំ២០២៥»។

ដោយឡែកគោលដៅនៃវិស័យផ្គត់ផ្គង់ទឹកស្អាតនៅតាមទីប្រជុំជន ជំរុញឱ្យសម្រេចបាននូវគោលដៅ សហស្សវត្សរ៍ដែលកំណត់ថា ប្រជាជននៅតំបន់ទីប្រជុំជនយ៉ាងតិច ៨០% នៅឆ្នាំ២០១៥ នឹងទទួលបានទឹកស្អាតចំនួន ៨៥% នៅឆ្នាំ២០៨ និង១០០% នៅឆ្នាំ២០២៥។

លោក អ៊ុំ រាត្រី បានថ្លែងថា ក្នុងខេត្តបន្ទាយមានជ័យ មានក្រុមហ៊ុនទឹកស្អាតចំនួនធំ២ នៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ដែលក្រុងប៉ោយប៉ែត មានទីតាំងស្តុកទឹករបស់គេផ្ទាល់ ដើម្បីបម្រើការសេវាផ្គត់ផ្គង់ទឹកជូនពលរដ្ឋទូទាំងក្រុងទាំងមូល។ ដោយឡែកក្រុមហ៊ុនទឹកស្អាតក្រុងសិរីសោភ័ណ មិនទាន់មានទីតាំងស្តុកទឹកផ្ទាល់ខ្លួននោះទេ គឺពឹងផ្អែកលើទឹកស្ទឹងទាំងស្រុង។

លោកបានបន្តថា តាមរយៈជំនួយពីមន្ទីរអង្គភាពពាក់ព័ន្ធ បានផ្តល់ជាស្រះទឹកធំៗ ប្រមាណ៣០ស្រះ ដើម្បីផ្តល់ជូនដល់ពលរដ្ឋតាមទីជនបទ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា មកទល់ពេលនេះទឹកស្ទឹងសិរីសោភ័ណ មិនទាន់មានទឹកគ្រប់គ្រាន់នោះទេ ដោយសាររបាយទឹកភ្លៀងធ្លាក់មិនគ្រប់គ្រាន់៕