(បាត់ដំបង)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ណុប ដារ៉ា អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងកងកម្លាំងទាំងបី ក្រុមហ៊ុនប្រមូលសម្រាម រួមទាំងមន្រ្តីជំនាញ បានបន្តចុះត្រួតពិនិត្យ និងរៀបចំកន្លែងលក់ដូ ក៏ដូចជាសណ្តាប់ធ្នាប់នានា ការធ្វើអនាម័យ និងសម្អាតលាង ក៏ដូចជា ជួសជុលឡើងវិញ ដើម្បីជាដំណោះស្រាយជូនអុំ ពូមីង បងប្អូន ដែលជាអាជីវកររងគ្រោះ ដោយសារអគ្គីភ័យឆាប ឆេះផ្សារធំបាត់ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។
នៅក្នុងឱកាសនេះ លោក ណុប ដារ៉ា បានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារណាត់បាត់ដំបងផងដែរ ដោយលោកបានចូលរួម នូវការសោកស្ដាយ និងបានអះអាងថានឹងបើកឲ្យផ្សារនេះ ដំណើរការឡើងវិញនៅថ្ងៃស្អែកនេះហើយ។
ជាមួយគ្នានេះ លោកក៏បាននាំនូវការសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ជូនដល់បងប្អូន អុំ ពូមីង នាឱកាសនេះផងដែរ។
លោក ណុប ដារ៉ា ក៏បានជូនជាថវិកាដល់កម្លាំងទាំងអស់ ដែលបានចូលរួម ក្នុងការរៀបចំសណ្ដាប់ធ្នាប់ផ្សារនេះផងដែរ។
សូមបញ្ជាក់ថា តូបលក់ដូរនៅផ្សារណាត់ ខេត្តបាត់ដំបងនេះ ចំនួន៣៣តូប ក្នុងចំណោម ៣៣៥តូប ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង។
គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ភ្លាមៗថ្នាក់ដឹកនាំខេត្តបាត់ដំបង បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ ជាក់ស្តែង នៅកន្លែងកើតហេតុ ចំណែករថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ក្នុងនោះ រថយន្តមកពីស្នងការនគរបាលខេត្តចំនួន៣គ្រឿង, ស្រុកសង្កែ១គ្រឿង, ស្រុកថ្មគោល១គ្រឿង, ស្រុកឯកភ្នំ១គ្រឿង និងស្រុកបាណន់១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៩រថយន្ត។
ផ្សារណាត់ ឬផ្សារធំថ្មី នៃខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៧ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស។ ក្រៅតែពីជាតំបន់ពាណិជ្ជកម្មមួយ ដ៏សំខាន់ផ្សារណាត់ ក៏ត្រូវបានគេចាត់ទុកថាជា សំណង់បេតិកភណ្ឌ ដ៏មានតម្លៃមួយនៃខេត្តបាត់ដំបងផងដែរ៕