(ភ្នំពេញ)៖ សម្ភារបរិក្ខារប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) តាមរយៈឯកអគ្គរដ្ឋទូតអេមីរ៉ាត់អារ៉ាប់រួម ប្រចាំនៅទីក្រុងបាងកក បានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្រោមអធិបតីភាពលោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយតំណាងឱ្យស្ថានទូតអេមីរ៉ាត់អារ៉ាប់រួមផងដែរ។

សម្ភារបរិក្ខារពេទ្យរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩នេះរួមមាន៖

១៖ ម៉ាស ចំនួន ៤៨០,០០០
២៖ អាវគ្របពីក្រៅ ចំនួន ៣,០០០
៣៖ សម្លៀកបំពាក់សុវត្ថិភាពរបស់មន្ដ្រីសុខាភិបាល ចំនួន ៧,៥០០
៤៖ កញ្ចប់តេស រហ័ស ចំនួន ៩៣,៧៥០
៥៖ របាំងមុខ ២,០០០
៦៖ វែនតា ការពារ ៩,៦០០

លោកស្រី រដ្ឋលេខាធិការ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលបានជួយឧបត្ថម្ភគាំទ្រ និងផ្ដល់សម្ភារបរិក្ខារពេទ្យដល់វិស័យសុខាភិបាលកម្ពុជា។

លោកស្រី យក់ សម្បត្ដិ ថ្លែងបន្ដថា ជំនួយទាំងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសេក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងកំពុងបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៦នាក់ (ស្រី ៥៤នាក់ និងបុរស ២១២នាក់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន០៨នាក់៕