(ភ្នំពេញ)៖ លោក Buerli Markus នាយកទីភ្នាក់ងារអភិវឌ្ឍន៍ស្វីស (ថ្មី) បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រប្រទេសស្វីស ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋភាគី នៃអនុសញ្ញាគ្រាប់បែកចង្កោម នៅចុងឆ្នាំ២០២០ ខាងមុខនេះ។
ការថ្លែងអំណរគុណពីសំណាក់លោក Buerli Markus បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ស្តីពី កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ។
ឆ្លៀតក្នុងឱកាសនោះលោក Buerli Markus បានបញ្ជាក់ថា រដ្ឋាភិបាលស្វីស បានអបអរសាទរចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ គាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ហើយនឹងបន្តគាំទ្ររហូតដល់កម្ពុជាអស់មីននៅឆ្នាំ២០២៥ និងបន្តជួយក្រោយឆ្នាំ២០២៥ទៀត។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់លើការងារអភិវឌ្ឍស្ទើរគ្រប់វិស័យរបស់ប្រទេសជាតិដូចជាកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ យេនឌ័រ កាត់បន្ថយភាពក្រីក្រជាដើម។
ក្នុងកិច្ចជំនួបនេះដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបប្រាប់លោក Buerli Markus អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ដែលសម្តេចតេជោចង់ឃើញកម្ពុជាបញ្ចប់ការគំរាមកំហែងដោយសារមីនប្រឆាំងមនុស្សដែលបានស្គាល់ ឱ្យអស់ត្រឹមនៅឆ្នាំ២០២៥ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីនគ្រាប់ឱ្យនៅកម្រិតអប្បបរមា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនស្វីស ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមមានការងារបោសសម្អាតមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ២០១៣។ លោកបន្តទៀតថា ការចូលរួមគាំទ្រការបោសសម្អាតមីន គឺជាការចូលរួមគាំទ្រកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ជាមួយនឹងការប្រយុទ្ធប្រឆាំងគ្រាប់បែកចង្កោមនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់សារជាថ្មីម្តងទៀតថា ក្នុងនាមសម្តេចតេជោ ជាអ្នកកសាង និងស្រឡាញ់សន្តិភាព ហើយកម្ពុជាធ្លាប់រងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រាប់បែកចង្កោម កម្ពុជានៅរក្សាជំហរដដែល និងនៅតែចូលរួមជារដ្ឋសង្កេតការណ៍នៃអនុសញ្ញាគ្រាប់បែកចង្កោមនេះ ព្រមទាំងត្រៀមផ្តល់នូវកិច្ចសហប្រតិបត្តិការគ្រប់បែបយ៉ាងក្នុងនាមប្រទេសស្វីស ធ្វើជាប្រធាននៃកិច្ចប្រជុំអនុសញ្ញាគ្រាប់បែកចង្កោម ដើម្បីឈានដល់ការបញ្ចប់នូវសោកនាដកម្មដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសគ្រាប់បែកចង្កោម។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាបានធ្វើគ្រប់បែបយ៉ាងទាំងអស់ក្នុងការស្រាវជ្រាវ ការរុករក ការកម្ទេចចោល ការអប់រំយល់ដឹងពីគ្រាប់បែកចង្កោម ការធ្វើសកលភាវូបនីកម្មនៃការហាមប្រើប្រាស់ ការជួយជនរងគ្រោះ និងការធ្វើសេចក្តីរាយការណ៍អំពីការងារប្រយុទ្ធប្រឆាំងនឹងគ្រាប់បែកចង្កោម៕