(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ ចំនួន ០២ រូប  ដែលបានទៅធ្វើការជាអ្នកបោសសំអាត និងធ្វើការជាស្រ្តីជំនួយការមេផ្ទះ នៅប្រទេស ម៉ាឡេស៊ី ហើយជួបប្រទះ នឹងការលំបាកក្នុងការងារឲ្យបានវិលត្រឡប់មកកម្ពុជាវិញ និងស្រ្តីខ្មែររងគ្រោះ០១រូបទៀត ឈ្មោះ វ៉ែង សុភ័ក្ត អាយុ២៦ឆ្នំា នៅភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង ដែលត្រូវបានមេខ្យល់បោក នាំយកទៅរៀបការជាមួយបុរសជនជាតិចិន កាលពីឆ្នំា២០១២ ឲ្យបានវិលត្រឡប់មកមាតុ ប្រទេសវិញ។

សូមជំរាបថា ពលការិនី ឈ្មោះ យី ចាន់ហួច និង ឈ្មោះ ភឹម រ៉ាឌី  នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK ៥៣៦។ ចំណែកស្រ្តីឈ្មោះ វ៉ែង សុភ័ក្ត នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ២៣៖០០នាទីយប់ តាមជើងយន្តហោះ CA825៕