(ត្បូងឃ្មុំ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះទៅពិនិត្យការចិញ្ចឹមគោពូជ ក្នុងស្រុករបស់កសិករ សេង សូត្រ និងជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក (ដាំខ្ទឹមស ត្រសក់ និងត្រប់ស្រួយ) ចំនួន៥០គ្រួសារ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក សេង សូត្រ បានជម្រាបជូនលោករដ្ឋមន្រ្តី វេង សាខុន ក្នុងទឹកចិត្តសប្បាយរីករាយថា លោកចាប់ផ្តើមចិញ្ចឹមគោ អស់រយៈពេល៤ឆ្នាំមកហើយ ដោយដើរប្រមូលទិញគោ ពីកសិករយកមកចិញ្ចឹមបំប៉នរយៈពេល៣ខែ ទើបលក់ចេញ។
បច្ចុប្បន្ន គ្រួសារមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យពីការចិញ្ចឹមគោនេះ។ ជាមធ្យមក្នុង១វគ្ក អាចលក់គោបានជាង៣០ក្បាល (ជួនមានតិច ឬច្រើនតាមរដូវ) បានជាង៣០លានរៀល (មិនទាន់ទូទាត់ថ្លៃដើម) ជាមធ្យមគោ១ក្បាល ចំណេញបាន៤០ម៉ឺនរៀល។
ដោយឡែក លោក ពេន ទុំ ប្រធានសហគមន៍ បានជម្រាបលោករដ្ឋមន្ត្រី វេង សាខុន ដោយសង្ខេបអំពីការងារសហគមន៍ ដំណាំខ្ទឹមស (២៤ហិកតា) មាន៧២គ្រួសារ និងត្រប់ស្រួយ (២ហិកតា) ត្រសក់ (១ហិកតា)។ បច្ចុប្បន្ន មានសមាជិក៦០នាក់ មានភាគហ៊ុន៦៨ ហ៊ុនមួយមាន១០ម៉ឺនរៀល។
បច្ចុប្បន្ន ខ្ទឹមសតម្លៃ ៣០០០រៀល ក្នុងមួយគីឡូក្រាម មានឈ្មួញកណ្តាលចុះមកទិញផ្ទាល់ យកទៅផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ។
ជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍ និងលោក សេង សូត្រ, លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ប្រកាន់យក របរចិញ្ចឹមគោ ជាលក្ខណៈគ្រួសារ ដាំខ្ទឹម ស ត្រប់ស្រួយ និងត្រសក់ ដែលជាប្រភពចំណូលយ៉ាងល្អប្រសើរ ដើម្បីកែប្រែជីវភាពគ្រួសារ ក្នុងស្ថានភាពជំងឺឆ្លងកូវីដ-១៩ ហើយចំណូលនេះ ធ្វើឲ្យគ្រួសារមានជីវភាពល្អប្រសើរ។
មានត្រី មានគោ និងមានបន្លែ ទាំងអស់នេះគឺជាផលិតកម្មស្បៀង ដែលទាមទាឲ្យកសិករផលិត ដើម្បីធានាបាននូវសន្តិសុខស្បៀង ហើយពិតណាស់លទ្ធផល យ៉ាងល្អប្រសើរ ដែលយើងបានឃើញនាពេលនេះ គឺជាការចូលរួមអភិវឌ្ឍនៃវិស័យកសិកម្ម សមតាមបំណងប្រាថ្នា របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ចង់បានយ៉ាងទទួច គឺសេដ្ឋកិច្ចគ្រួសាររឹងមាំ។
ដើម្បីរក្សានិរន្តរភាពផ្គត់ផ្គង់ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វ ត្រូវខិតខំបន្ថែមទៀត លើការងារបង្កាត់ពូជគោ និងត្រូវកែប្រែប្រព័ន្ធផលិតកម្មចិញ្ចឹម ពីចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅចិញ្ចឹមជាលក្ខណៈពាក់កណ្តាលឧស្សហកម្មវិញប្រយោជន៍ ដើម្បីលើកកំពស់គុណភាពផលិតកម្ម ធានាបានគុណភាព អនាម័យ និងសុវត្ថិភាព។
ដោយឡែក សហគមន៍ត្រូវខិតខំបន្ថែមទៀត ទាំងការងារបច្ចេកទេស ការងារដឹកនាំ គ្រប់គ្រងសហគមន៍ ធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។
ទាក់ទងការងារបច្ចេកទេស លោករដ្ឋមន្ត្រី វេង សាខុន បានជួយម៉ាស៊ីនវាយបំបែកដី ចំនួន២គ្រឿង ប្រមាណជាង២,០០០ដុល្លារ ទុកសម្រាប់ប្រើប្រាស់ ក្នុងសហគមន៍ដើម្បីជួយកាត់បន្ថយពលកម្ម ចំណេញពេល និងបង្កើនប្រសិទ្ធភាពការងារផងដែរ៕