(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានសហការជាមួយរដ្ឋបាលក្រុងសៀមរាប និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះអនុវត្តការរុះរើសំណង់របស់លោក ឃន់ សុខន ដូចជា របង បន្ទប់ទឹក រោង ដែលធ្វើខុសច្បាប់ប៉ុនប៉ងយកទីបុរាណដ្ឋានត្រពាំងហែផ្កាធ្វើជាកម្មសិទ្ធិឯកជនជាថ្មីម្ដងទៀត នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា ការចុះរុះរើសំណង់ខុសច្បាប់នៅថ្ងៃនេះ គឺដើម្បីការពារការប៉ុនប៉ងយកដីបុរាណដ្ឋានត្រពាំងហែផ្កាដោយខុសច្បាប់ មកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីក្រុមការងារចម្រុះបានរុះរើរាបដល់ដី និងការយល់ព្រមបញ្ឈប់ការសាងសង់ទាំងអស់ពីម្ចាស់សំណង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ រួចមកហើយ។
អាជ្ញាធរជាតិអប្សរាបង្ហាញជំហរថា បើទោះបីជាយ៉ាងណា អាជ្ញាធរត្រូវតែប្រឆាំងចំពោះអំពើរំលោភបំពានប៉ុនប៉ងយកទីបុរាណដ្ឋាន ដែលជាទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ដែលត្រូវការពារជាដាច់ខាត ហើយអ្វីដែលឈ្មោះ ឃន់ សុខន បានធ្វើម្តងជាពីរដងនេះ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់មរតកនៃបេតិកភណ្ឌ។
លោក សំរិទ្ធិ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លើកឡើងថា អំពើរំលោភបំពានបុរាណដ្ឋានធ្វើជាកម្មសិទ្ធិរបស់ខ្លួន គឺបុគ្គលនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទៅតាមស្ថានភាពនៃការបំផ្លាញ ដែលប៉ះពាល់ដល់សម្បត្តិវប្បធម៌ទាំងនោះ។
ជាមួយនឹងការរុះរើនូវរាល់សំណង់ខុសច្បាប់ទាំងនោះ តំណាងរដ្ឋបាលក្រុងសៀមរាប លោក ហៃ យ៉ុង ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ត្រពាំងហែផ្កា និងការលើកតម្លៃទីបុរាណដ្ឋាននេះឡើងវិញ តាមរយៈការស្តារត្រពាំងហែផ្កានេះឱ្យស្អាត ដើម្បីធ្វើជាប្រភពទឹកសម្រាប់អ្នកភូមិបានប្រើប្រាស់នៅពេលឆាប់ៗ ដោយអាជ្ញាធរក្រុងបានទទួលបានច្បាប់អនុញ្ញាតជាគោលការណ៍ពីអាជ្ញាធរជាតិអប្សរារួចហើយដែរ។
ត្រពាំងហែផ្កាមានបណ្តោយ ៣៥០ម៉ែត្រ ទទឹង ១៧០ម៉ែត្រ មានខ្នងទំនប់ពី ៤០-៦០ម៉ែត្រ។ ត្រពាំងនេះមានតាំងពីសម័យអង្គរជាសហគមន៍មនុស្សរស់នៅ ព្រោះមានបំណែកកុលាភាជន៍បុរាណនៅរ៉ាយប៉ាយពេលបុរាណដ្ឋាននេះ ហើយនៅខាងត្បូងត្រពាំងក៏មានប្រាសាទហែផ្កាមួយដែរដែលធ្វើពីឥដ្ឋ ជាទីគោរពបូជានាមនុស្សសម័យនោះ៕