(ភ្នំពេញ)៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ដែលមានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង បន្ទាយមានជ័យ គិតមកដល់ខែសីហា ឆ្នាំ២០២០នេះ សម្រេចការសាងសង់បានប្រមាណ ៤២.៩៩%ហើយ។
បើតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងនេះត្រូវបានបែងចែកជាបីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែង សរុប ៨៤.៧៤គីឡូម៉ែត្រ, ផ្នែកកណ្តាល (ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦.០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង (ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥.២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិដែលមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។
សូមបញ្ជាក់ដែរថា កំណាត់ផ្លូវជាតិលេខ៥នេះ មានសារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូននៅក្នុងស្រុក ក៏ដូចជាការតភ្ជាប់វិស័យ ដឹកជញ្ជូន ក្នុងបណ្ដាប្រទេសជា សមាជិកអាស៊ាន និងមហាអនុតំបន់មេគង្គ ហើយក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃអាស៊ានហាយវ៉េលេខ១ (Asean Highway 1) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣៦៦គីឡូម៉ែត្រ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៥០០លានដុល្លារ ហើយក្នុង៣៦៦គីឡូម៉ែត្រនោះ មាន៦២គីឡូម៉ែត្រ ជាផ្លូវថ្មី សម្រាប់វាងក្រុង មានសាងសង់ស្ថានីយ៍៦កន្លែង សម្រាប់ធ្វើការថ្លឹងរថយន្តដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥នេះផងដែរ៕