(ភ្នំពេញ)៖ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានផែនការចុះឈ្មោះ អ្នកបោះឆ្នោតថ្មី ចំនួន ៣០០,៣៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន១២៣,២៥១នាក់។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៩ មានចំនួន ៨,៦២៩,៣៥៧នាក់ និងមានការិយាល័យបោះឆ្នោតប៉ាន់ស្មាន ឆ្នាំ២០២០ មានចំនួន ២៣,៤១៨ ការិយាល័យ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ គឺមានគោលដៅធានាឲ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្តិភាព តាមរយៈ៖
១៖ ការលុបឈ្មោះអ្នកបោះឆ្នោតដែល៖
* បានទទួលមរណភាព ត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន
* បានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
២៖ ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើសុំរបស់សាមីខ្លួនដោយមានឯកសារ សំអាងត្រឹមត្រូវ
៣៖ ការចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែល៖
* ទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣)
* ទើបបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី
* មានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក។
គ.ជ.ប សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ ដែលសាមីខ្លួន កំពុងរស់នៅ និងត្រូវបោះឆ្នោត ដើម្បីមានឈ្មោះក្នុង បញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតនៅពេលបោះឆ្នោត។
សូមកុំភ្លេច ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានរយៈពេល១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕