(កំពង់ឆ្នាំ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ បានសេចក្តីបំភ្លឺជុំវិញហេតុការណ៍បុរសម្នាក់បានសម្ញែងកាំភ្លើង AK និងគំរាមបុកអ្នកជិះម៉ូតូ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រហូតមានការឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមនីតិវិធី។
សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា អ្នកបើករថយន្ត និងបានទាញកំភ្លើងមកគំរាម មានឈ្មោះ ញឹក ផល អាយុ៣៨ឆ្នាំ មុខរបរមើលការខុសត្រូវចំការអំពៅ រីឯអ្នកបើកម៉ូតូមានឈ្មោះ ប្រាក់ សំបាន អាយុ៣០ឆ្នាំ រស់នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស (បើកម៉ូតូក្នុងស្ថានភាពស្រវឹង)។
បើតាមស្នងការដ្ឋាននគរបាលខេត្តនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ឈ្មោះ ញឹក ផល បានសារភាពថា អាវុធធុនអាកា៤៧ ជាអាវុធដែលខ្លួនរើសបានពីក្នុងដីពេលភ្ជួរដាំអំពៅ ហើយយកមកដុសខាត់បាញ់ថ្នាំថ្មី។ ករណីនេះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាជំនាញឲ្យចាត់ការយ៉ាងតឹងរឹងទៅតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ មានជម្លោះពាក្យសម្តីព្រោះតែការបើកបរមួយរវាងអ្នកជិះរថយន្ត និងអ្នកជិះម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមរយៈវីដេអូថតដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និងចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមនោះ គេបានឃើញបុរសភាគីអ្នកជិះរថយន្ត បាននិយាយគំរាមឱ្យបុរសជិះម៉ូតូបើកបរឱ្យ បានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។ មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK៤៧ ចេញពីក្នុងរថយន្តមកកាន់សម្ញែងដាក់ភាគីជម្លោះថែមទៀតផង។
គេក៏នៅមិនទាន់ដឹងថា ជម្លោះនេះផ្តើមចេញពីអ្វីនោះទេ។ តែទោះបីជាយ៉ាងណា ក្រោយឃើញហេតុការណ៍នេះ គេបានសម្តែងការហួសចិត្តចំពោះការមិនចេះយោគយល់ និងអធ្យាស្រ័យគ្នាលើការបើកបរលើដងវិថី ហើយឈានទៅដល់ទំនាស់មួយដែលមិនគួរកើត៕