(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានថ្លែងថា ការជ្រើសរើសបណ្តាញក្រុមការងារដែល ដឹកនាំដោយក្មេងស្រី ពិតជាមានសារៈសំខាន់ណាស់ដែលជាការលើកទឹកចិត្តឲ្យមានភាពក្លាហាន ការផ្តល់ឱកាស និងការផ្តល់អំណាចឱ្យក្មេងស្រីក្នុងការសម្រេចចិត្ត ជាមួយការចូលរួមក្នុងសកម្មភាពសង្គមនានា ដែលអាចជួយឲ្យក្មេងស្រីមានអនាគតភ្លឺស្វាង និងបង្កើនសមភាពយេនឌ័រ រវាងបុរស និងស្ត្រីក្នុងសង្គម។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ក្នុងកិច្ច សហប្រតិបត្តិការជាមួយដៃគូ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធី Girls Act ដើម្បីជួយគាំទ្រដល់ក្មេងស្រីដែលរងផលប៉ះពាល់ដោយមេរោគអេដស៍ និងក្មេងស្រីដែល ងាយរងគ្រោះដែលរស់នៅតាមសហគមន៍ ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើបញ្ហាក្មេងស្រីបោះបង់ការព្យាបាល បោះបង់ការសិក្សា និងបញ្ហាសុខភាពបន្តពូជ។
ពិធីនេះក៏មានការចូលរួមពីលោក ហាក់ គួយ ចៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានសង្កាត់ពងទឹក និងការចូលរួមពីក្មេងស្រីតាមសហគមន៍ និងអាណាព្យាបាល និងអ្នកពាក់ព័ន្ធចំនួន ១០០នាក់ ដែលបានរៀបចំឡើងក្នុងគោលបំណងជ្រើសរើសតំណាងក្មេងស្រីតាមសហគមន៍ដោយលើកកម្ពស់ក្មេងស្រី និង ផ្តល់អំណាច ភាពជាអ្នកដឹកនាំដល់ក្មេងស្រី ក្នុងការជួយសហគមន៍ក្មេងស្រីដែលរងផលប៉ះពាល់ដោយបញ្ហាផ្សេងៗ។ ដំណើរការជ្រើសរើសដោយមានការបោះឆ្នោត ដោយក្រុមក្មេងស្រីជាលទ្ធផលក្មេងស្រីចំនួន ៨នាក់ ដែលមានតួនាទីក្នុងការដឹកនាំសហគមន៍របស់គាត់។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ក៏បានថ្លែងកោតសរសើដល់ក្មេងស្រីដែលមានភាពអង់អាច ក្លាហាន និងមានការចូលរួមពីសហគមន៍ និងការគាំទ្រយ៉ាងពេញទំហឹង ពីអាជ្ញាធរ រដ្ឋអំណាចមូលដ្ឋាន និងក្រុមការងារដែលជួយដល់ការងារជាមួយការលើកកម្ពស់ក្មេងស្រីនេះ។
លោក ហាក់ គួយ ក៏បានថ្លែងអំណរគុណអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលបានយកចិត្តទុកដាក់ជួយលើកកម្ពស់កេ្មងស្រី និងជួយក្មេងស្រី បានដឹកនាំ សហគមន៍ ពួកគេបានបើសហគមន៍រុងរឿង មានសុវត្តិភាព ទាល់តែមានក្មេងស្រីមានសុខភាពល្អ មានចំណេះដឹងដោយបានចូលរៀនគ្រប់ៗគ្នា និងខិតខំប្រឹងប្រែង ផ្តល់ភាពដឹកនាំដល់ខ្លួនឯងជាចំបង មិនទោរទន់ទៅតាមការអូសទាញរបស់មិត្តភកិ្តបោះបង់ការសិក្សា។
កញ្ញា ម៉ុន ស្រីកា តំណាងក្មេងស្រីក្នុងសហគមន៍ពងទឹក មានសេចក្តីរីករាយ និងប្តេជ្ញាខិតខំប្រឹងប្រែងធ្វើការងារនេះ ទោះបីជាមានាការមមាញឹកក្នុងការសិក្សា តែត្រូវតែ ខិតខំជួយជ្រោមជ្រែងដល់ក្មេងស្រី ដែលកំពុងរងគ្រោះដោយមេរោគអេដស៍ បោះបង់ចោលការសិក្សា មានបញ្ហាសុខភាព និងការលើកទឹកចិត្តដល់ពួកគាត់ជានិច្ច និងផ្តាំផ្ញើទៅពួកគាត់ថា គ្មានអ្វីដែលមិនអាចធ្វើបាននោះទេ មានតែការលើកទឹកចិត្តខ្លួនឯងជាដំបូងដែលអាចជំរុញឲ្យយើងឱ្យមានអនាគត និងសម្រេចកិច្ចការតូចធំ បានទាំងអស់៕