(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងភរិយា បានរៀបចំពិធីដង្ហែអង្គផ្កាប្រាក់ ដែលផ្តួចផ្តើមឡើងដោយលោកផ្ទាល់ ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២០០លានរៀល ដើម្បីបន្តការកសាងវិទ្យាល័យ ហ៊ុន សែន ដើមឫស និងបានរៀបចំពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ពិសេសយុវជន លោកគ្រូ អ្នកគ្រូ ស្ថិតនៅក្នុងឃុំ ដើមឫស ស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា ប្រទេសជាតិក្រោមការដឹកនាំ របស់សម្តេចតេជោ គឺមានសុខសន្តិភាពស្ថេរភាព ការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ។ ជាក់ស្តែង ក្នុងដំណើរទស្សនៈកិច្ច របស់រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក កន្លងទៅថ្មីៗនេះ បានកោតសរសើរយ៉ាងខ្លាំង ដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ ដែលបាននឹងកំពុងដឹកនាំប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើន យ៉ាងឆាប់រហ័ស ដែលផ្ទុយពីមតិរិះគន់ របស់ក្រុមមួយក្តាប់តូច ដែលតែងតែរកគ្រប់វិធី ដើម្បីរារាំងការអភិវឌ្ឍ និងក្នុងន័យវាយប្រហាររាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានលើកឡើងពីបញ្ហាភូមិ ឃុំមានសុវត្តិភាព សូមមន្ត្រីមានសមត្ថកិច្ច ត្រូវខិតខំ ថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានឲ្យបានល្អ។ ម្យ៉ាងវិញទៀតលោកក៏បានរំឭក ដល់ពុកម៉ែបងប្អូន ពិសេស យុវជនដែលជាកំលាំងចលក របស់ប្រទេសជាតិ ដែលគ្រប់អាយុ មានសិទ្ធបោះឆ្នោត ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា ដើម្បីមានឈ្មោះបោះឆ្នោត នៅឆ្នាំ២០១៧-២០១៨ ខាងមុខនេះ។
ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រួមមាន សាលាស្រុក ១លានរៀល ,សាលាឃុំ ដើមឫស ៤០ម៉ឺនរៀល,ដូនជី តាជី ២០០នាក់ ម្នាក់ៗជូន ក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំ ២៤នាក់ ក្នុងម្នាក់ៗ សារ៉ុង១ ថវិកា ២ម៉ឺនរៀល
-ប្រជាពលរដ្ឋ ៣៦០០នាក់ ម្នាក់ៗ អាវរងា១និងថវិកា១ម៉ឺនរៀល, យុវជន ស្រុកឃុំ ៥០០នាក់ និងសិស្សានុសិស្ស ១៥២នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល
-លោកគ្រូ អ្នកគ្រូ ៦៨នាក់ ម្នាក់ៗ សារ៉ុង១ ថវិកា២ម៉ឺនរៀល និងបានប្រគេនបច្ច័យ ដល់វត្តពោធិ៍អណ្តែត ចំនួន១០លានផងដែរ៕