(កំពង់ធំ)៖ នៅយប់យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រុមការងារចល័តត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានក្រុមការងារលេខាធិការដ្ឋាន នៃគណ:កម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានសហការជាមួយលោក ជូ កូលា

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ អាជ្ញាធរដែនដីមូលដ្ឋានព្រមទាំងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ បានចុះឆ្មក់ចាប់ត្រួតពិនិត្យយានយន្ត សរុបចំនួន១០គ្រឿង។

ការឆ្មក់ចាប់ត្រួតពិនិត្យយានយន្ត សរុបចំនួន១០គ្រឿង នៅទីតាំងពីរកន្លែង គឺ ស្រុកបារាយណ៍ និងស្រុកសន្ទុកខេត្តកំពង់ធំ ដែលជារថយន្តទាំង១០គ្រឿងនោះ គឺដឹកទំនិញដូចជា ដំឡូង, ស្រូវ និង ជ័រកៅស៊ូក្រែប។

ក្នុងចំណោមរថយន្តទាំង១០គ្រឿងនោះមាន៖ រថយន្តចំនួន៨គ្រឿងដឹកលើសទម្ងន់ខុសពីច្បាប់កំណត់ចាប់ពី១២តោន រហូតដល់២៥តោន។ ចំណែករថយន្ត២គ្រឿងទៀត ដឹកមិនលើសទម្ងន់ទេ ដូច្នេះក្រុមងារបានអនុញ្ញាតឲ្យធ្វើចរាចរណ៍បន្តទៀត។ ចំពោះរថយន្តចំនួន៨គ្រឿង ដែលលើសទម្ងន់នោះក្រុមការងារ កំពុងបន្តអនុវត្តទៅតាមនីតិវិធីច្បាប់៕