(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអនុញ្ញតឲ្យលោក William A.Heidt ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សារងារ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នាវិមានរដ្ឋាភិបាលសន្តិភាព។ ឯកអគ្គរដ្ឋទូតអាមេរិក បានជំរាបជូន សម្ដេចតេជោ ហ៊ុន សែន អំពីការរីកចម្រើនរបស់កម្ពុជា ដែលលោកបានឃើញផ្ទាល់ ចាប់ពីទសវត្ស៩០ ដែលពេល នោះរូបលោកផ្ទាល់បាន បម្រើការងារជាមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ច នៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
រយៈពេល១៥ឆ្នាំកន្លងមកនេះ លោក William បានសង្កេតឃើញកម្ពុជារីកចម្រើនយ៉ាងខ្លាំង។ លោកបានវាយតម្លៃខ្ពស់ ជាពិសេសចំពោះការរីកចម្រើនវិស័យសេដ្ឋកិច្ច, អប់រំ, ការកាត់បន្ថយភាពក្រីក្រ និងជាពិសេសការរីកចម្រើន នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
នៅក្នុងបេសកម្មការទូតរបស់លោកនៅពេលនេះ លោក William គឺនឹងខិតខំពង្រឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ឋថែមទៀត ជាពិសេសគឺជំរុញឲ្យចេញជាលទ្ឋផលផ្លែផ្កា អំពីជំនួបកាលពីពេលថ្មីៗនេះរវាង សម្តេចតេជោ ហ៊ុន សែន និង លោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធប្រយុទ្ធប្រឆាំងអំពើភេរវកម្មទាំងក្នុងកម្រិតតំបន់ និងពិភពលោក។
លោកអគ្គរដ្ឋទូតអាមេរិក បានជម្រាបជូនសម្តេចតេជោអំពីជំនួយរបស់សហរដ្ឋអាមេរិក ជួយដល់កម្ពុជាដែលពាក់ព័ន្ធនឹង ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់នូវសម្ភារៈបរិក្ខារសម្រាប់ទប់ស្កាត់គ្រោះមហន្តរាយជាដើម ដែលអាមេរិកធ្លាប់បានជួយដល់កម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទចំពោះលោក William ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា និងបានថ្លែងអំណរគុណជូនលោកក្នុងការពង្រឹង និងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារសំខាន់ៗ រួមទាំងការជំរុញកិច្ចសហការវិនិយោគ ពាណិជ្ជកម្មរវសងប្រទេសទាំងពីរ និងវិធានការទប់ស្កាត់អំពើភេរវកម្មគ្រប់ប្រភេទនៅក្នុងប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះជំនួយអាមេរិកក្នុងការជួយបំពាក់ម៉ាស៊ីនត្រួតពិនិត្យ(Security scan machine) ជនអន្តោប្រវេសន្តចេញចូលទាំងនៅតាមព្រលានយន្តហោះ និងនៅតាមព្រំដែនផងដែរ ដើម្បីពង្រឹងសុវត្ថិភាព និងសន្តិសុខជាតិ។
បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយសហរដ្ឋអាមេរិកដែលបានជួយកម្ពុជា កាលពីពេលកន្លងមករហូតមក ទល់សព្វថ្ងៃ ជាពិសេស សម្តេចបានវាយតម្លៃថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះជួយជម្រុញ អោយមានកិច្ចសហប្រតិបត្តិការល្អៗជាច្រើនទៀត ក្នុងវិស័យផ្សេងៗទៀតដែលនឹងជួយពង្រឹងសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក៕