(បាត់ដំបង)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងមន្រ្តីជំនាញ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ និងចាត់វិធានការបន្តរៀបចំកន្លែងលក់ដូ បណ្តោះអាសន្ន ដើម្បីជាតំណេះស្រាយបញ្ហាជូនអាជីវករងគ្រោះ ដោយសារអគ្គីភ័យផ្សារធំបាត់ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ។

តូបលក់ដូរនៅផ្សារណាត់ ខេត្តបាត់ដំបង ចំនួន៣៣តូប ក្នុងចំណោម ៣៣៥តូប ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុងនាល្ងាចថ្ងៃទី៣០ ខែសីហាម្សិលមិញ ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានដឹកនាំក្រុមការងារជំនាញ ចុះជួបសំណេះសំណាល និងដោះស្រាយជូនអាជីវករផ្សារដែលរងគ្រោះ។

សូមបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ ភ្លាមៗលោក ងួន រតនៈ បានដឹកនាំសមត្ថកិច្ចចម្រុះកំពុងចុះត្រួតពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ចំណែករថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង ក្នុងនោះរថយន្តមកពីស្នងការនគរបាលខេត្តចំនួន ៣គ្រឿង, ស្រុកសង្កែ១គ្រឿង, ស្រុកថ្មគោល១គ្រឿង, ស្រុកឯកភ្នំ១គ្រឿង និងស្រុកបាណន់ ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៩ រថយន្តផងដែរ៕