(ស្វាយរៀង)៖ សាខាកាំកុងត្រូល ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យចំណីអាហារ និងឥវ៉ាន់ចាបហួយ នៅផ្សារវាលយន្តក្រុងស្វាយរៀងដឹកនាំដោយលោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង។
លោក ណាល់ វិចិត្រ បានឲ្យដឹងថា ដោយមានការយកចិត្តទុកពីថ្នាក់ដឹកនាំក្រសួង និងខេត្តអំពីចំណីអាហារ និងរបស់របរហូបចុក ដែលដាក់លក់ក្នុងទីផ្សារហើយ ខូចគុណភាព មានសារធាតុគីមីជាដើម ដែលជាហេតុប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ទើបលោកបានដឹកនាំក្រុមការងារមកចុះត្រួតពិនិត្យជាប្រចាំចំពោះចំណីអាហារ។
លោកបានបន្តទៀតថា ក្នុងពេលត្រួតពិនិត្យ ក្រុមការងាររបស់លោកបានធ្វើតេស្តបឋមទៅលើស្ករត្នោត ដែលមានប្រភពមកពីរាជធានី ភ្នំពេញ និងមកពីបណ្តាស្រុកមួយចំនួន ក្នុងខេត្ត ជាលទ្ធផលបង្ហាញឲ្យឃើញថា ស្ករត្នោតដែលផលិតនៅតាមបណ្តាស្រុក ខេត្តស្វាយរៀង ពុំមានសារធាតុគីមីហាមឃាត់ នោះទេ។
ដោយឡែក ស្ករត្នោតដែលមកពីរាជធានីភ្នំពេញមានសារធាតុ សូដ្យូមអ៊ីដ្រូស៊ុលហ្វីត នៅក្នុងស្ករត្នោតចំនួន០៤ ធុងស៊ីប្រូ ដែលជាសារធាតុ ត្រូវបានហាមឃាត់ ក្នុងនោះដែរក្រុមការងាររបស់លោកបានធ្វើការឃាត់បណ្តោះអាសន្នមិនឲ្យធ្វើចរាចរបន្តទៀត និងបានយកគំរូទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល៕