(ភ្នំពេញ)៖ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាតាមការណែនាំពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ មន្រ្តី កបប បានសហការ ជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បាននាំរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើទំនិញម្ហូបអាហារ វេចខ្ចប់ស្រាប់ នៅផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

មន្រ្តី ក ប ប ដែលចុះអង្កេតទំនិញ បានឲ្យដឹងថា នៅក្នុងសកម្មភាព ចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាលទ្ធផលនៅក្នុងប្រតិបត្តិការចុះអង្កេតនៅផ្សារដើមគរ ខាងលើ មន្ត្រីជំនាញបានរកឃើញវត្តមាន ម្ទេសដៃនាង មានសំណល់ជាតិកសិកម្ម ដោយបានធ្វើកំណត់ហេតុ ដកហូត យកទៅកំទេចចោល ។

មន្ត្រីជំនាញបានណែនាំ អប់រំបន្ថែម ដល់អាជីវករទាំងអស់ សូមធ្វើការត្រួតពិនិត្យ ទំនិញរបស់ខ្លួនអោយបានជាប់ជាប្រចាំ និងចូលរួមសហការ អនុវត្តអោយបានត្រឹមត្រូវ ទៅតាមស្តង់ដារបច្ចេកទេស ក៏ដូចជាលក្ខខ័ណ្ឌតម្រូវ នៃបទបញ្ញត្តបច្ចេកទេស ជាពិសេសភាពអនុលោមទៅនឹង ច្បាប់ស្តីពី «ការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា» និង ច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់»៕