(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងរដ្ឋបាលខណ្ឌសែនសុខ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានបន្ដសកម្មភាពចុះបាញ់ថ្នាំបំភាយសម្លាប់មេរោគ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ បន្ទប់ជួលរបស់កម្មករ និងអគារធ្វើការរបស់មន្ដ្រីក្នុងមូលដ្ឋាន សរុបប្រមាណ៥២០បន្ទប់ ក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លា។

យុទ្ធនាការនេះដឹកនាំដោយ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក តិមា សោភា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការចូលរួមពី នាយករងរដ្ឋបាល ចៅសង្កាត់ មេភូមិ មន្រ្ដីសាលាខណ្ឌ និងក្រុមការងារជាច្រើនរូបទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក តិមា សោភា ក្នុងនាមអាជ្ញាធរខណ្ឌ បានសំណូមពរដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីបន្តប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ដោយអនុវត្តន៍តាមវិធានអនាម័យ តាមណែនាំរបស់ក្រសួងសុខាភិបាល និងថ្លែងអំណគុណចំពោះ លោក សោម អូន ដែលបានដឹកនាំក្រុមការងារ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជំងឺកូវីដ១៩ នៅទឹកដីខណ្ឌសែនសុខ ជាលើកទី២។

ជាមួយគ្នានេះ លោក សោម អូន បានលើកឡើងថា ជំងឺកូវីដ១៩ នៅតែគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សជាតិនៅលើពិភពលោក ហើយបើគិតត្រឹមថ្ងៃនេះ គឺនៅលើពិភពលោក មានអ្នកផ្ទុកជំងឺកូវីតជាង២៥លាននាក់ និងមានអ្នកស្លាប់ចំនួនជាង ៨០ម៉ឺននាក់។

ស្របពេលជាមួយនេះ ក្រុមជំនាញ NACC Team Against Covide-19 បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីចូលរួមយុទ្ធនាការផ្សព្វផ្សាយអប់រំ ដល់កម្មករនិយោជិត និងប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់រាជរដ្ឋាភិបាលអំពីវិធីការពារមិនឲ្យឆ្លងរាលដាល ព្រមទាំងបាញ់ថ្នាំបំភាយ សម្លាប់មេរោគទប់ស្កាត់ ដោយបានសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ហើយនឹងបន្តឲ្យបានកាន់តែសកម្មថែមទៀត។

ដើម្បីការពារការឆ្លងជំងឺកូវីដ១៩នេះ លោក សោម អូន បានអំពាវនាវដល់កម្មករនិយោជិតគ្រប់វិស័យ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្ត នូវគោលការណ៍សំខាន់ៗ ដូចជា៖ ទី១៖ ពាក់ម៉ាស់ ជានិច្ចនៅពេលមានការជួបជុំ, ទី២៖ រស់នៅស្អាតជាប្រចាំ និងទី៣៖ រក្សាគម្លាតសុវត្ថិភាព នៅពេលមានការជួបជុំ៕