(ស្ទឹងត្រែង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញឱ្យមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង និងមន្ទីរពេទ្យទូទាំងខេត្ត បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យយល់ដឹងពីវិធានការពារ ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ បន្ថែមពីនេះក៏ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ចំពោះប្រជាពលរដ្ឋតែទើបត្រឡប់មកពីក្រៅប្រទេស ដើម្បីនាំពួកគាត់ទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល រយៈពេល១៤ថ្ងៃ។

ការជំរុញបែបនេះ របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងក្នុងឱកាសដែលលោកស្រីរួមជាមួយ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជា បានចុះសួរសុខទុក្ខអ្នកជំងឺក្នុងមន្ទីរពេទ្យខេត្ត និងចុះត្រួតពិនិត្យមើលមណ្ឌលចត្តាឡីស័កកំរិត១ និងមណ្ឌលចត្តាឡីស័កកម្រិត២ ព្រមទាំងបន្តត្រួតពិនិត្យកន្លែងចត្តាឡីស័ក នៅច្រកព្រំដែនត្រពាំងគ្រៀល នៅក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជំងឺក្នុងមន្ទីរពេទ្យខេត្តស្ទឹងត្រែងនេះ លោកស្រី ឱ វណ្ណឌីន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឱ្យបានការរាតត្បាតជំងឺកូវីដ-១៩ ដែលកំពុងកើតមានជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជា កំពុងតែរងគ្រោះដោយសារជំងឺនេះផងដែរ។

ការចុះត្រួតពិនិត្យមើលចត្តាឡីស័ក គឺធ្វើឡើងក្នុងគោលបំណង់ ដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្តែង និងវិធានការគ្រប់គ្រង ក្នុងការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកល៕