(ភ្នំពេញ)៖ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ ហៅកាត់ថា IJM បានសុំឲ្យកម្ពុជាបង្កើនការទប់ស្កាត់ សកម្មភាពជួញដូរមនុស្ស ក្រោយមានការថយចុះ បានថយចុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការលើកឡើងបែបនេះ ខណៈដែលលោក ហ្គារី ហូហ្គីនមេធាវីការពារសិទ្ធមនុស្ស នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងជានាយកប្រតិបត្តិអង្គការ IJM ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។
លោកបានលើកឡើងថា បច្ចុប្បន្នកម្ពុជា បានឃាត់ខ្លួនជនល្មើសជួញដូរមនុស្សជាច្រើន ហើយបានដាក់ការចោទប្រកាន់ប៉ុន្តែតែពុំទាន់ បានកាត់ទោសនូវឡើយទេ ហើយឧក្រិដ្ឋជនជាទូទៅ ធ្វើការងារនៅក្នុងឧក្រិដ្ឋកម្ម ជួញដូរមនុស្សនេះ គឺពួកគេមានធនធានហិរញ្ញវត្ថុ រឹងមាំណាស់ ដែលបញ្ហានេះ គឺតម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជា គួរត្រូវមានធនធានហិរញ្ញវត្ថុរបស់ខ្លួនរឹងមាំដែរ ដើម្បីតទល់និងពួក ឧក្រិដ្ឋជនទាំងនោះ។
សម្តេចក្រឡាហោម ស ខេង ក្នុងជំនួបនោះបានថ្លែងថា កន្លងមកកម្ពុជា មិនមានយន្តការច្បាស់លាស់ក្នុងការដោះស្រាយប្រឆាំង ការជួញដូរមនុស្ស ដោយសារអ្វីៗ គឺវាមាននៅរាយប៉ាយមិនប្រមូលផ្តុំប៉ុន្តែបច្ចុប្បន្ន គឺកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញមនុស្ស និងមានក្រុមការងារ ចំនួន៦ទទួលខុសត្រូវតាមផ្នែក តាមការងារបច្ចេកទេសរៀងៗខ្លួននិងមានបណ្តា ក្រសួងស្ថាប័នរដ្ឋជាច្រើន បានចូលរួមធ្វើការងារនេះ ដែលនេះជាកម្លាំងប្រមូលផ្តុំមួយធ្វើឲ្យយន្តការជួញដូរមនុស្ស គឺមានការថយចុះ និងបង្រ្កាបមានប្រសិទ្ធភាពជាងមុន ហើយការងារនេះ គឺកម្ពុជាបានធ្វើតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានស្នើឲ្យប្រធានអង្គការ IJM ចាស់ និងប្រធានអង្គការ IJMថ្មី ប្រចាំនៅកម្ពុជា ដែលទើបចូលកាន់ដំណែងថ្មី សូមជួយបន្តគាំទ្រផ្តល់កិច្ចសហការធ្វើការងារនានា ដែលកម្ពុជាកំពុងជួបប្រឈមដោះស្រាយមិនទាន់ហើយផងដែរ៕