(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានលើកឡើងអំពីវីរភាពរបស់ ក្រុមការងារដោះមីន ដែលតែងប្រថុយជីវិត ក្នុងពេលបំពេញកាតព្វកិច្ចម្តងៗ។ លោកអះអាងថា សម្រាប់អ្នកដោះមីន អ្វីៗគ្រប់យ៉ាង អាចផ្លាស់ប្តូរ ក្នុងរយៈពេលតិចជាង១វិនាទីប៉ុណ្ណោះ ដែលពួកគេអាចបាត់បង់ជីវិត ឬធ្លាក់ខ្លួនពិការភាពក៏ថាបាន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បែបនេះ នៅក្នុងពិធីរំឮកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាពិសេសអ្នកដោះមីន នៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ ដែលធ្វើឡើងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណស្ថានទូតអាមេរិក។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីប្រសាសន៍ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះការបាត់បង់ជីវិត ពិការភាព និងរបួសរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីនថា «ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជន សូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក ឮ និងជាការសោកស្តាយបំផុត សម្រាប់ប្រទេសជាតិទាំងមូល»

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាតូច និងក្រីក្រមែន ប៉ុន្តែកម្ពុជាមានបេះដូងធំទូលាយ ក្នុងការចូលរួមការងារមនុស្សធម៌ និងការងាររក្សាសន្តិភាពនៅលើពិភពលោក ផងដែរ។

លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងលើកឡើងអំពីគោលនយោបាយ ឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពពេញលេញទូទាំងប្រទេសកម្ពុជា ព្រមទាំងបានអនុញ្ញាតឲ្យអ្នកដោះមីនទាំងអស់ អាចបំពេញការងារបោសសម្អាតមីនមនុស្សធម៌របស់ខ្លួន នៅគ្រប់ទីកន្លែងដោយគ្មានការភ័យខ្លាច ក្នុងចូលរួមរំដោះផ្ទៃដី និងសង្រ្គោះជីវិតប្រជាពលរដ្ឋ ពីការគម្រាមកំហែងដោយសារមីននិងគ្រាប់។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់អ្នកដោះមីនទាំងអស់ ដែលបានលះបង់ និងបំពេញការងារទាំងប្រថុយប្រថាន និងគ្រោះថ្នាក់បំផុត ក្រោមពន្លឺថ្ងៃក្តៅ តាមវាលស្រែ និងព្រៃភ្នំ ដើម្បីចូលរួមបង្កើតនូវពិភពលោកមួយ ពោរពេញដោយសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប។ ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការងារដោះមីន មិនអាចទាយទុកជាមុនបានឡើយ ហើយអ្វីគ្រប់យ៉ាងអាចផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយវិនាទី ដែលធ្វើឱ្យពួកគេអាចបាត់បង់ជីវិត ធ្លាក់ខ្លួនពិការភាព និងបាត់បង់មនុស្សជាទីស្រឡាញ់ទៀតផង។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ លោក Patrick Murphy ចំពោះគំនិតផ្តួចផ្តើម ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិធីនេះ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែង ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀតរបស់កម្ពុជា រួមមាន៖ អូស្រ្តាលី អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវែស កូរ៉េខាងត្បូង កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា យើងទាំងអស់គ្នា ត្រូវបន្តចិញ្ចឹមចិត្ត និងលើកកម្ពស់ភាពជាដៃគូ ដោយមានការប្តេជ្ញាចិត្តខ្ពស់ រវាងរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ប្រតិបត្តិករ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យគ្មានមីនត្រឹមឆ្នាំ ២០២៥។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន មនុស្សធម៌ រហូតដល់កម្ពុជារំដោះគ្រាប់មីនចុងក្រោយ ហើយលោកគ្រោងនឹងចុះទស្សនកិច្ចចម្ការមីន នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ខែធ្នូឆ្នាំ ២០១៩ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសចំនួន ៦៤.៨៥៥ នាក់។ ចំនួនអ្នកស្លាប់និងរបួស បានថយចុះយ៉ាងខ្លាំងចាប់ពី៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៧៧នាក់នៅឆ្នាំ ២០១៩។

ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ មានអ្នកដោះមីនចំនួន ១៥១នាក់ មកពីគ្រប់ប្រតិបត្តិករទាំងអស់ បានពលី និងគ្រោះថ្នាក់ ដោយសារការរំដោះផ្ទៃដីជាបងប្អូនប្រជាពលរដ្ឋ។

ចាប់តាំងពីឆ្នាំ១៩៩២ ប្រតិបត្តិករអ្នកដោះមីន បានបោសសម្អាតផ្ទៃដីចំនួន ២.០៤៣គីឡូម៉ែត្រក្រឡា សម្រាប់យកមកប្រើប្រាស់សម្រាប់សាងសង់លំនៅដ្ឋាន កសិកម្ម កាត់បន្ថយគ្រោះថ្នាក់ និងការងារអភិវឌ្ឍន៍ដទៃទៀត និងបានរកឃើញនិងបំផ្លាញមីនប្រឆាំងមនុស្ស មីនប្រឆាំងរថក្រោះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់លានគ្រាប់ ព្រមទាំងមានអ្នកទទួលផលផ្ទាល់និងប្រយោលប្រមាណជាង ៥.៧លាននាក់៕