(ភ្នំពេញ)៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បានគូសបញ្ជាក់ឲ្យដឹងថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា មានភាពខ្លាំង បើទោះបីជាជួបវិបត្ដិកូវីដ-១៩ ក៏ដោយ ព្រោះថា ប្រជាជនកម្ពុជាមានជំនឿការទុកចិត្ដខ្ពស់ ទៅលើវិស័យនេះ។

លោក គា បូរាណ បានលើកឡើងទៀតថា ក្នុងអំឡុងកូវីដ-១៩នេះ សាច់ប្រាក់នៅក្នុងវិស័យធនាគារ មានការកើនឡើង ទោះបីជាឥណទាន ត្រូវបានធ្លាក់ចុះក៏ដោយ ប៉ុន្ដែសាច់ប្រាក់ដែលប្រជាជនយកមកដាក់ ក្នុងប្រព័ន្ធធានាគារ និងប្រព័ន្ធមីក្រូហិរញ្ញវត្ថុ បន្ដកើនឡើង។

ការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ រូបនេះ ធ្វើឡើងក្នុងឱកាសដែលអញ្ជើញចូលរួម ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងវិបត្ដិកូវីដ-១៩»។

លោក គា បូរាណ បានបញ្ជាក់យ៉ាងដូច្នេះ «ជំនឿទុកចិត្ដរបស់សាធារណជន លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅស្រុកខ្មែរយើង មានភាពខ្លាំង ទោះបីជាជួបវិបត្ដិកូវីដ-១៩ នេះក៏ដោយ»

លោកបន្ដទៀតថា «សាច់ប្រាក់នៅក្នុងវិស័យធនាគារមានការកើនឡើង ទោះបីជាឥណទាន ត្រូវបានធ្លាក់ចុះក៏ដោយ ប៉ុន្ដែសាច់ប្រាក់ ដែលប្រជាជន យកមកដាក់ ក្នុងប្រព័ន្ធធានាគារ និងប្រព័ន្ធមីក្រូហិរញ្ញវត្ថុ បន្ដកើនឡើង ក្នុងត្រីមាសទី២ ទោះបីជាឥណទាន ត្រូវបានថយថុះ តែការសន្សំបែបជាកើនឡើងទៅវិញ»

លោក គា បូរាណ បានគូសបញ្ជាក់ថា នេះបញ្ជាក់ឲ្យឃើញថា ប្រជាជនខ្មែរ គាត់មានជំនឿមានការទុកចិត្ដខ្ពស់ ទៅលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅស្រុកខ្មែរយើង។

បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុបានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ច មានការដំណើរការធម្មតា ទោះបីមានកូវីដ-១៩ បានចាប់ផ្ដើមរីករាលដាល នៅប្រទេសមួយចំនួន ប៉ុន្ដែប្រទេសកម្ពុជា នៅតែបន្ដសកម្មភាពធម្មតា រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២០។

លោកបានលើកឡើងថា យើងឃើញថា ផលប៉ះពាល់ចាប់ផ្ដើមកូវីដ-១៩ មាននៅខែមេសា ដែលពេលនោះ ស្ថានភាពសេដ្ឋកិច្ចទូទៅបានធ្លាក់ចុះ ដោយសារតែការ ធ្វើដំណើរឆ្លងកាត់ប្រទេស ពីប្រទេសមួយទៅប្រទេសមួយ ត្រូវបានផ្អាកជាទូទៅ ហើយករណីឆ្លងកូវីដ-១៩ ក៏មានការកើនឡើង។

លោក គា បូរាណ បានបញ្ជាក់ថា នៅក្នុងវិស័យមីក្រូហរិញ្ញវត្ថុ យើងឃើញថា មានការប៉ះពាល់មិនខុសពីសេដ្ឋកិច្ចទូទៅដែរ នៅខែមេសា ខែឧសភា ខែមិថុនា ដែលជាខែ ទទួលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ ជាពិសេសនៅខែមេសា ដែលយើងឃើញថា កំណើនឥណទានត្រូវបានធ្លាក់ចុះ។

បន្ថែមពីនោះទៀត ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បានបញ្ជាក់ទៀតថា កំណើននៅតែបន្ដធ្លាក់ចុះ បន្ដិចបន្ដួចនៅខែឧសភា ប៉ុន្ដែមានការងើបឡើងវិញ នៅអំឡុងខែមិថុនា។

«ខែ៧ [កក្កដា] យើងអាចនិយាយបានថា កំណើនឥណទាននេះ អាចសឹងប្រហាក់ប្រហែល បកទៅរកភាពធម្មតាវិញ បើយើងធៀបជាមួយឆ្នាំ២០១៩ ខែកក្កដា។ ការប្រហាក់ប្រហែលគ្នាតិចតួច ប៉ុន្ដែយើងអាចនិយាយបានថា កំណើនមានការកើនឡើង មានភាពឆាប់រហ័ស»។ នេះជាការបញ្ជាក់បន្ថែម របស់លោក គា បូរាណ។

ទន្ទឹមគ្នានោះ លោក គា បូរាណ បានឲ្យដឹងថា ប្រទេសកម្ពុជា មានផលប៉ះពាល់ប្រមាណ តែចំនួនពីរខែប៉ុណ្ណោះ ដែលមានសភាពធ្ងន់ធ្ងរ ក្នុងអំឡុងខែមេសា និងខែឧសភា ហើយចាប់ពីខែមិថុនា រហូតដល់ខែកក្កដា មានសភាពល្អប្រសើរខ្លាំងឡើងវិញ។

លោកបន្ដថា ការល្អប្រសើរនេះ ដោយសារប្រទេសកម្ពុជា គ្រប់គ្រងបាននៅស្ថានការណ៍ ទាក់ទងជាមួយការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយមិនមានករណីរាលដាល នៅក្នុងសហគមន៍ ហើយករណីឆ្លងកន្លងមកសុទ្ធតែករណីនាំចូល។

លោក គា បូរាណ បន្ថែមទៀតថា ប្រទេសកម្ពុជា មិនត្រូវបានបិទផ្អាកមិនឲ្យដំណើរការ ដែលធ្វើឲ្យសេដ្ឋកិច្ចមានការលំបាក ហើយដោយសារតែចំនួនកូវីដ-១៩ មិនមែនការកើនឡើង ឬក៏មិនមែនការរីករាលដាល ក្នុងសហគមន៍ផងដែរ។

លើសពីនោះទៀត រាជរដ្ឋាភិបាល ក៏បានបើកវិស័យមួយចំនួនឡើងវិញដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកំសាន្ដ នានាមួយចំនួន មានការបើកចំនួន ច្រើនជាងមុន ទោះបីជាទាមទារឲ្យមានការអនុវត្ដ ដែនសមត្ថភាពឲ្យបានល្អប្រសើរក៏ដោយ។

លោក គា បូរាណ បានបញ្ជាក់ថា ករណីទាំងអស់នេះ បានធ្វើឲ្យប្រទេសកម្ពុជា បន្ដសកម្មភាពឡើងវិញ ដែលធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ក៏មានការកើនឡើង ដើម្បីជំរុញឲ្យសេដ្ឋកិច្ច បន្ដដើរទៅមុខ។

លោកបញ្ជាក់ទៀតថា បើសិនស្ថានភាពនៃជំងឺកូវីដ១៩ នៅតែគ្រប់គ្រងបានដូចសព្វថ្ងៃនេះ នោះនៅចុងឆ្នាំ២០២០នេះ វិស័យមីក្រូហិរញ្ញវត្ថុនឹងត្រឡប់ទៅស្ថានភាពដើមវិញ ដូចមុនពេលមានកូវីដ១៩៕