(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យាដល់ប្រជាពលរដ្ឋកម្ពុជា គឺពិតជាត្រូវការការគាំទ្រពីវិស័យសាធារណៈ និងឯកជនជាចាំបាច់ ទាំងធនធានមនុស្សជាគ្រូបង្គោល និងសម្ភារបរិក្ខាសម្រាប់ការបណ្ដុះបណ្ដាល។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងពិធីប្រគល់-ទទួលរថយន្ត Ford ៤គ្រឿង ដែលមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស RMA Group ប្រគល់ជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រោមវត្តមានលោក ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។
នាឱកាសនោះ លោក ហុង ជឿន បានឱ្យដឹងថា រាល់កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យាដល់ប្រជាពលរដ្ឋកម្ពុជា តួយ៉ាងដូចជាកម្មវិធីបណ្ដុះបណ្ដាលដែលបានលើកឡើងនាពេលនេះ គឺពិតជាត្រូវការការគាំទ្រពីសំណាក់វិស័យសាធារណៈ និងឯកជនជាចាំបាច់ ដើម្បីរួមគ្នាជួយឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបាននូវជំនាញពិតប្រាកដមានការងារធ្វើសមរម្យ និងមានប្រាក់ចំណូលខ្ពស់ ស្របទៅតាមគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងលើកទឹកចិត្ត និងកៀរគរធនធានពីភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តភាពនៃ TVET។
លោករដ្ឋលេខាធិការបានកោតសរសើរចំពោះវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដែលតែងតែជួយគាំទ្រដល់ក្រសួងការងារ និងបានរៀបចំពិធីនេះ ដែលបង្ហាញពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនមិនអាចខ្វះ។
មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះបានសំណូមពរដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ឱ្យបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់ជាធនធានសម្ភារៈ ដើម្បីបង្កើនភាពសម្បូរបែបក្នុងការបណ្ដុះបណ្ដាលសិក្ខាកាម។
លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឱ្យដឹងទៀតថា រថយន្ត Ford ទាំង៤គ្រឿងនេះ នឹងបំពាក់នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស RMA Group ដែលបានបង្កើតឡើងក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងរដ្ឋ និងឯកជន និងមានបំពាក់នូវសម្ភារបច្ចេកទេសយ៉ាងទំនើបស្របតាមស្តង់ដាសហរដ្ឋអាមេរិក។
លោកនាយកបានបន្តថា មជ្ឈមណ្ឌល RMA Group នេះជាផ្នែកមួយសម្រាប់ការគាំទ្រគោលនយោបាយលើផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោនបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហុង ជឿន បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុន RMA Group នៅតែបន្តភាពជាដៃគូនេះមានលក្ខណៈយុទ្ធសាស្ត្រ និងស៉ីជម្រៅថែមទៀតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់យុវជនកម្ពុជាឱ្យទទួលបានឱកាសសិក្សាស្របតាមបច្ចេកវិទ្យាទំនើប និងទទួលបានប្រាក់ចំណូលខ្ពស់បន្ថែមទៀត៕