(ភ្នំពេញ)៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បានបញ្ជាក់ថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២០នេះ អតិថិជនចំនួន២៥ម៉ឺននាក់ហើយ ដែលត្រូវបានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគម រៀបចំឥណទានឡើងវិញ ដែលគិតជាទឹកប្រាក់ប្រមាណ១២០០លានដុល្លារ។
លោកបន្តថា ការរៀបចំឥណទានឡើងវិញនេះ គឺសម្រាប់តែអតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ប៉ុណ្ណោះ មិនមែនរៀបចំឥណទានឡើងវិញ គ្រប់អតិថិជនទាំងអស់នោះទេ។
លោក បូរាណ បន្តថា ការរៀបចំឥណទានឡើងវិញ បានជួយដល់អតិថិជនយ៉ាងច្រើន ពិសេសអ្នកដែលទទួលរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩ ដោយសារតែអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យមួយចំនួន បានរងផលប៉ះពាល់ដល់ចំណូលរបស់ពួកគាត់ ដូច្នេះបើសិនមិនមានការរៀបចំឥណទានឡើងវិញទេនោះ អតិថិជនទាំងនឹងជួបប្រទះនូវផលវិបាក ក្នុងការបង់ត្រឡប់មកវិញ តាមកិច្ចសន្យាដំបូង។
លោកបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញនេះ បានផ្តល់ឱកាសឲ្យអតិថិជនអាចបង់ប្រាក់ត្រឡប់មកវិញ នូវអត្រាកំណត់ថ្មី ហើយនៅពេលស្ថានភាពត្រឡប់មកភាពធម្មតាវិញ នោះពួកគាត់អាចនឹងមានលទ្ធផលបង់តាមកិច្ចសន្យាដើមវិញ។
លោកថា ការរៀបចំឥណទានឡើងវិញនេះ ក៏ជួយឲ្យប្រជាពលរដ្ឋ អាចមានចំណែកសាច់ប្រាក់មួយចំនួនទៅពង្រីកនូវអាជីវកម្ម និងមុខរបររបស់ខ្លួនផងដែរ។
ការបញ្ជាក់របស់លោក គា បូរាណ ធ្វើឡើងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេស ប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ។
បើតាមលោក គា បូរាណ ប្រជាពលរដ្ឋកម្ពុជា មានភាពចេះដឹងមិនបានជឿលើការអំពាវនាវ របស់បុគ្គលណា ឬក្រុមណា ដែលមិនឲ្យសងប្រាក់ត្រឡប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ។
លោកបន្តថា «វិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាយើងនេះ ពិតមែន មិនទាន់ចាស់ទុំដល់រាប់រយឆ្នាំ ប៉ុន្តែការដាក់ឲ្យមានវិន័យក្នុងវិស័យឥណទាន មានភាពប្រសើរ [...] យើងឃើញថានៅក្នុងរយៈពេលប៉ុន្មានខែ ដែលយើងបានធ្វើកន្លងមក ទោះបីជាមានផលប៉ះពាល់ពីកូវីដ១៩ក៏ដោយ ហើយទោះបីជាមានការរៀបចំឥណទានឡើងវិញ ប្រមាណជាង១០ភាគក្តី យើងឃើញថា ជាទូទៅប្រជាជនកម្ពុជាយើង នៅតែបន្តបង់សងជាធម្មតា»។
លោក បូរាណ បានបញ្ជាក់ថា ចំពោះឥណទាន ដែលមិនល្អរហូតដល់ពេលនេះ មានការកើនឡើងខ្លះពីប្រមាណជា១ភាគរយ ទៅ២.៥ភាគរយ ក្នុងពេលវិបត្តិកូវីដ១៩នេះ ប៉ុន្តែជាតួលេខមួយនៅទាប បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។ តួលេខនេះ មិនបានធ្វើឲ្យវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា ជួបការលំបាកនោះទេ៕