(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការ កែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌លើកទីបី ជាមួយអន្តរស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាពី បញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងសម្រេចដាក់ចេញជាគោលការណ៍ មួយចំនួនក្នុងការកែទម្រង់ច្បាប់ និងតុលាការ នានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង០៩៖៣០នាទីព្រឹក នាទីស្តីការក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើការកែទម្រង់ច្បាប់ និងការរៀបចំប្រព័ន្ធយុទ្ធសាស្រ្តជាច្រើនរួមមានទី១, រៀបចំធ្វើបច្ចុប្បន្នភាពឡើងវិញ នូវផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព នៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីឲ្យឆ្លើយតបទៅនឹងស្ថានភាព បច្ចុប្បន្នរបស់កម្ពុជា និងជាពិសេសឆ្លើយតបឲ្យបាន ទៅនឹងច្បាប់គោលទាំងបីនៃវិស័យយុត្តិធម៌។ ទី២, រៀបចំសវនាការចល័ត ដែលអនុញ្ញាតដោយច្បាប់ នៅតាមខេត្ត និងតំបន់មួយចំនួន លើរឿងក្តីធំៗមួយចំនួន ដែលមានការចាប់អារម្មណ៍ខ្លាំង ពីសាធារណៈជន ហើយបើកឲ្យមាន ការចូលរួមពីធារណៈជន ឲ្យបានទូលំទូលាយ។
ទី៣,ធ្វើការសិក្សាជាលក្ខណៈវិទ្យាសាស្ត្រ ក្នុងគម្រោងនៃការបង្កើតសាលឧទ្ធរណ៍តំបន់ នាពេលខាងមុខនេះ ដើម្បីស្វែងយល់ឲ្យបានច្បាប់ ពីតម្រូវការពិតប្រាកដ ថាតើទីតាំងឬតំបន់ ណាខ្លះ ដែលត្រូវការជាចំាបាច់ ព្រមទាំងចំនួនដែលត្រូវរៀបចំ រួមទាំងតម្រូវការធនធាន ហិរញ្ញវត្ថុ សម្ភារៈ ក៏ដូចជាធនធានមនុស្ស និងជំនាញ ដែលត្រូវទៅបំពេញការងារនៅតាម ឧទ្ធរណ៍តំបន់ទាំងនោះ។ ទី៤, ការកំណត់ទីតាំង និងការរៀបចំនីតិវិធីការងារ ពាក់ព័ន្ធនឹងតុលាការការងារ និងតុលាការពាណិជ្ជកម្ម ដោយតុលាការជំនាញទាំងនេះ ត្រូវបានបង្កើតឡើងរួចទៅហើយ ទៅតាមច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ។
ទី៥, ការរៀបចំនូវយន្តការ ក្នុងការការពារ លើកទឹកចិត្តដល់មន្រ្តីតុលាការ ដែលខិតខំបំពេញការងារ តាមវិជ្ជាជីវៈត្រឹមត្រូវ តាមរយៈការតែងតាំង ការផ្លាស់ប្តូការដំឡើងប្រាក់បៀវត្ស និងប្រាក់ឧបត្ថមផ្សេងៗ ព្រមទាំងពង្រឹងយន្តការ ដាក់វិន័យដល់មន្រ្តីតុលាការ ដែលប្រព្រឹត្តខុស។ ទី៦,ការរៀបចំក្រុមការងារ ដើម្បីផ្តល់យោបល់ប្រឹក្សាផ្នែកច្បាប់ ដល់សធារណៈជន តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដូចជា Face Book និង Website ជាដើម ព្រមទាំងយន្តការនៃការផ្តល់ប្រឹក្សា តាមរយៈការជួបមុខ ដោយផ្ទាល់នៅក្រសួងយុត្តិធម៌និងទី៧ បង្កើតគណៈកម្មការ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពក្នុងការ ធ្វើវិសោធនកម្ម ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងបទប្បញ្ញត្តិផ្សេងទៀត ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីឲ្យឆ្លើយ តបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដ និងស្ថានភាពជាក់ស្តែង របស់សង្គមកម្ពុជានាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ កិច្ចប្រជុំបានសម្រេចឲ្យមានការរៀបចំ កិច្ចប្រជុំបៀបនេះរៀងរាល់បីខែម្តង ដើម្បីធ្វើការពិភាក្សា និងដោះស្រាយបញ្ហាជាក់ស្តែង បានទាន់ពេលវេលា ពាក់ព័ន្ធនឹងការកែទម្រង់ វិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា៕