(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា របាយការណ៍ស្តីពី ស្ថានភាពបរិស្ថាន មានសារសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ហើយអះអាងថា របាយការណ៍ដែលនឹងត្រូវបោះពុម្ពជា២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស នឹងក្លាយជាឯកសារយោងផ្លូវការមួយទាក់ទងនឹងព័ត៌មានអំពីបរិស្ថាន និងធនធានធម្មជាតិអាចនឹង បោះពុម្ពផ្សាយនៅឆ្នាំ ២០២២ខាងមុខ ដែលក្រសួងស្ថាប័ន និងសមាគម អង្គការក្រៅរដ្ឋាភិបាល សាធារណជន អាចប្រើប្រាស់ជាផ្លូវការបាន។
ការលើកឡើងបែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងអំឡុងពេលដែលលោកបានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះ៖ «របាយការណ៍ស្តីពីស្ថានភាពបរិស្ថាននេះពិតជាមានសារសំខាន់ និងមានភាពចាំបាច់សម្រាប់កម្ពុជា ហើយរបាយការណ៍ដែលនឹងត្រូវបោះពុម្ពជា២ ភាសាគឺភាសាខ្មែរ និងអង់គ្លេសនេះ នឹងក្លាយជាឯកសារយោងផ្លូវការមួយទាក់ទងនឹងព័ត៌មានអំពីបរិស្ថាន និងធនធានធម្មជាតិដែលក្រសួងស្ថាប័ន និងសមាគម អង្គការក្រៅរដ្ឋាភិបាល សាធារណជនអាចប្រើប្រាស់ជាផ្លូវការ»។
«ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាការចងក្រងប្រមូលផ្តុំនូវឯកសារ ទិន្នន័យគោល និងព័ត៌មានបែបវិទ្យាសាស្រ្តអំពីបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អ្នករៀបចំគោលនយោបាយ អ្នកធ្វើផែនការ អ្នកគ្រប់គ្រង អ្នកសិក្សាស្រាវជ្រាវ វិនិយោគិន អង្គការជាតិ និងអន្តរជាតិ។ល។ ប្រើប្រាស់ជាមូលដ្ឋាន ដើម្បីសម្រេចបាន ទៅតាមគោលបំណងរៀងៗខ្លួនតួយ៉ាងដូចជាការធ្វើសេចក្តីសម្រេច ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមកម្មវិធីនយោបាយជាតិ ការបង្កើនចំណេះដឹងបញ្ញាញាណក្នុងវិស័យបរិស្ថាន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។
ជាមួយគ្នាននេះដែរ លោកបានឱ្យដឹងថា ប្រធានបទរួមបញ្ចូលនៅក្នុងរបាយការណ៍លើកនេះមានច្រើន ក្នុងនោះជារួមមានទាំងបញ្ហាបរិស្ថាន (Environment) និងធនធានធម្មជាតិ (Natural Resources) ដែលពាក់ព័ន្ធនឹងអន្តរវិស័យ រួមមាន៖ គុណភាពខ្យល់ ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ (ព្រៃឈើ និងសត្វព្រៃ) ទឹកសាប ដី (ការប្រើប្រាស់ដី និងគុណភាពដី) សំណល់ (សំណល់រឹង និងសំណល់រាវ) និងសុវត្ថិភាពចំណីអាហារជាដើម។ ប្រធានបទទាំងនេះ ពិតជាមានសារសំខាន់ និងមានការពាក់ព័ន្ធដោយផ្ទាល់នឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយដែលចាំបាច់យើងទាំងអស់គ្នាត្រូវការយល់ដឹងពីការវិវឌ្ឍនៃបញ្ហានេះ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ស្របពេលដែលកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ រួមជាមួយនឹងកំណើននៃការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅទូទាំងផ្ទៃប្រទេស ដែលទាំងនេះតម្រូវឱ្យមានការគិតគូរពីនិរន្តរភាពនៃការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាន។ ក្នុងន័យនេះ ក្រសួងបរិស្ថានដែលជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល បានដើរតួនាទីក្នុងការរៀបចំទស្សនវិស័យ ក៏ដូចជាគោលនយោបាយ យុទ្ធសាស្រ្ត និងការកំណត់អាទិភាព សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់លើគោលនយោបាយ បរិស្ថាន និងធនធានធម្មជាតិដោយក្នុងនោះមានសសរស្តម្ភទាំង៤ គឺកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដើម្បី៖
ទី១៖ សម្រេចបាននូវចក្ខុវិស័យបរិស្ថាន៖ គុណភាព និងនិរន្តរភាពបរិស្ថានត្រូវបានធានា និងកេរដំណែលធនធម្មជាតិរបស់កម្ពុជា ត្រូវបានការពារ និងអភិរក្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនគ្រប់ៗរូប និងទី២ សម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍន៍ដោយចីរភាព៖ ការអភិវឌ្ឍគ្រប់វិស័យនៃសង្គម និងសេដ្ឋកិច្ចកម្ពុជាដើរតាម មាគ៌ាឆ្ពោះទៅអនាគតមួយប្រកបដោយវិបុលភាពជានិរន្ត សម្រាប់ប្រជាជនគ្រប់រូបនូវបរិស្ថានល្អ និងប្រព័ន្ធអេកូឡូស៊ីរាំងមាំ។
ជាមួយគ្នានេះរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤នេះ ត្រូវពឹងផ្អែកលើការផ្តល់ធាតុចូល ដែលជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ជំពូកនីមួយៗនៃរបាយការណ៍។ ក្នុងន័យនេះ ស្ថិតិ ទិន្នន័យ និងព័ត៌មាន គឺជាធាតុចូលដែលដើរតួនាទីសំខាន់ គឺជាឆ្អឹងខ្នងនៃរបាយការណ៍។ ការរាយការណ៍អំពីស្ថានភាពបរិស្ថាន និន្នាការ ការវាយតម្លៃ ឬសេចក្តីសន្និដ្ឋាន អាចមានលក្ខណៈកាន់តែសុក្រឹត្យទៅបាន ល្គឹកណាធាតុចូលដែលផ្តល់ឱ្យដោយសិក្ខាកាមយើងទាំងអស់ មានលក្ខណៈសម្បូរបែប មានតាមលំដាប់លំដោយពេលវេលា និងមានលក្ខណៈពិតជាក់ស្តែង។ល។
របាយការណ៍ស្ថានភាពជាតិលើកទី៤នេះ គ្រោងនឹងធ្វើជា២ ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស និងបោះពុម្ពផ្សាយនៅឆ្នាំ ២០២២ខាងមុខ ហើយមានការសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា៕