(បាត់ដំបង-សៀមរាប)៖ ក្រុមការងារអន្តរក្រសួង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ បានបន្តបើកប្រជុំពិភាក្សាលើការងារផ្តល់គោលរបបឧបត្ថម្ភ ដល់ជនរងគ្រោះញៀនគ្រឿងញៀន កំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ពិភពនៃក្តីសង្ឃឹម ស្ថិតនៅឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ខេត្តសៀមរាប ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប មជ្ឈមណ្ឌល កងរាជអាវុធហត្ថ ខេត្តបាត់ដំបង និងមជ្ឈមណ្ឌល កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរខេត្កបាត់ដំបង និងខេត្តសៀមរាប និងមានការអញ្ជើញចូលរួមផងដែរ ពីមជ្ឈមណ្ឌល កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
លោក ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពិភពនៃក្តីសង្ឃឹម និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ខេត្តសៀមរាប ទទួលបានការអនុញ្ញាតបើកដំណើរការ ពីអាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានផ្ទេរឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបន្តគ្រប់គ្រង និងផ្តល់គោលរបបជូនចាប់ពី ឆ្នាំ២០១២ ជារៀងរហូតមក។
លោកបន្តថា ក្រសួងបានស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តផ្តល់គោលរបបជូនមជ្ឈមណ្ឌលទាំងអស់នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។
នៅក្នុងកិច្ចប្រជុំនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់អនុសាសន៍មជ្ឈមណ្ឌលបណ្តោះអាសន្នទាំងអស់ បន្តផ្តល់សេវាជូនជនរងគ្រោះដោយសារគ្រឿងញៀនត្រឹម រយ:ពេល៦ខែ ហើយជនរងគ្រោះ ដែលត្រូវទទួលការព្យាបាល និងស្តានីតិសម្បទា រយ:ពេលយូរនឹងត្រូវទទួលបានការបន្តព្យាបាលស្តារនីតិសម្បទា និងផ្តល់ចំណេះជំនាញនៅមជ្ឈមណ្ឌលជាតិ ផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ រយ:ពេល០២ឆ្នាំ។
ជាមួយនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានដាក់ចេញនូវការងារ២ចំណុច រួមមាន៖ ទី១៖ ស្នើសុំឱ្យសមាជិកអង្គប្រជុំទាំងមូល ត្រូវតែរួមគ្នារៀបចំឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីសុំបន្តផ្តល់គោលរបប ជូនជនរងគ្រោះដែលកំពុងស្នាក់ នៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពិភពនៃក្តីសង្ឃឹម ខេត្តបាត់ដំបង មជ្ឈមណ្ឌល កងរាជអាវុធហត្ថ បន្ទាយមានជ័យ និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ខេត្តសៀមរាប និងទី២៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងផ្តល់កិច្ចសម្របសម្រួល ជូនក្នុងករណីមានភាពរាំងស្ទះឯកសារផ្សេងៗ៕