(ភ្នំពេញ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបទីតាំងភ្នាក់ងារទិញលក់ដីឡូតិ៍ និងអចលនទ្រព្យមួយកន្លែង ស្ថិតនៅផ្ទះលេខ ១៧១ ផ្លូវរថភ្លើង សង្កាត់កាកប២ ខណ្ឌពោធិ៍សែនជ័យ ករណីរំលោភកម្មសិទ្ធិបញ្ញា និងគ្មានច្បាប់អនុញ្ញាត ក្រោយរកឃើញថាទីតាំងនេះបានក្លែងបន្លំឈ្មោះក្រុមហ៊ុនដទៃយកមកប្រើប្រាស់ដោយខុសច្បាប់ និងមិនមានការចុះបញ្ជីត្រឹមត្រូវ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពោលគឺធ្វើឡើងតបតាមពាក្យបណ្ដឹងមេធាវីរបស់ក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបមិន ឯ.ក (Phnom Penh Land Development Co.,Ltd) ដែលជាក្រុមហ៊ុនស្របច្បាប់ មានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ដែលបានប្ដឹងទៅលើក្រុមហ៊ុន ភ្នំពេញ លែន ឯ.ក (Phnom Penh Land Co., LTD)។
ថ្វីដ្បិតក្រុមហ៊ុន ភ្នំពេញ លែន (ចុងបណ្ដឹង) ហៅខ្លួនឯងជាក្រុមហ៊ុនក៏ពិតមែន តែមិនមានការចុះបញ្ជីត្រឹមត្រូវឡើយ ហើយបានក្លែងបន្លំយកតាមឈ្មោះ ភ្នំពេញ លែន ឌីវេឡុបមិន (ដើមបណ្ដឹង) ទាំងគ្មានការអនុញ្ញាតថែមទៀត ពោលគឺបានប្រព្រឹត្តបទល្មើសរំលោភកម្មសិទ្ធិបញ្ញា និងគ្មានច្បាប់អនុញ្ញាត។
មុនឈានដល់ការចុះបង្ក្រាបទីតាំងខាងលើ មេធាវីរបស់ក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបមិន គឺមេធាវី ទេព មុនីជាតិ និងមេធាវី ទេព បញ្ញា បានប្ដឹងមកសមត្ថកិច្ចយ៉ាងដូច្នេះថា៖
នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ កូនក្ដីរបស់ខ្លួន គឺលោកស្រី សែ លីលី ដែលជាប្រធានក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបមិន ឯ.ក បានចុះបញ្ជីឈ្មោះក្រុមហ៊ុនខាងលើនេះនៅឯក្រសួងពាណិជ្ជកម្ម ស្របតាមច្បាប់បញ្ញត្តិនៃកម្ពុជា ក្នុងគោលបំណងដើម្បីធ្វើប្រតិបត្តិការអាជីវកម្មលើផ្នែកទិញលក់ និងអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ រួមនិងការសាងសង់សំណង់ផ្សេងៗ ហើយក៏បានដំណើរការយ៉ាងសកម្ម និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើទីផ្សារកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។
ស្រាប់តែនៅអំលុងដើមឆ្នាំ២០២០នេះ ខាងក្រុមហ៊ុនកូនក្ដីរបស់ខ្លួនបានឃើញមាន Facebook Page មួយចំនួនបានក្លែងបន្លំយកឈ្មោះក្រុមហ៊ុន ភ្នំពេញ លែន មកប្រើប្រាស់លើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយទិញលក់ដីជាច្រើនកន្លែងដោយពុំមានការអនុញ្ញាតពីក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបមិន ឯ.ក ដែលជាម្ចាស់ក្រុមហ៊ុនស្របច្បាប់នោះឡើយ។
មេធាវីដើមបណ្ដឹងបានបន្តថា ជាក់ស្ដែងនៅខែមិថុនា ឆ្នាំ២០២០នេះ កូនក្ដីរបស់ខ្លួនបានស៉ើបដឹងថាឈ្មោះ សាយ បូរ៉ា ភេទប្រុស តួនាទីជាអ្នកគ្រប់គ្រងទូទៅ និងឈ្មោះ ហេង សុភ័ក្រ តួនាទីជាទីប្រឹក្សាយោបល់ និងគូកនរបស់ខ្លួន បានលើកផ្លាកដាក់ឈ្មោះថា ក្រុមហ៊ុន ភ្នំពេញ លែន ឯ.ក (Phnom Penh Land Co., LTD) មានទីតាំងស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ផ្ទះលេខ ១៧១ ផ្លូវរថភ្លើង សង្កាត់កាកប២ ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងបានធ្វើសកម្មភាពផ្សព្វផ្សាយឃោសនាអូសទាញអតិថិជនជាច្រើនឱ្យទៅទិញលក់ដី ឬដីឡូតិ៍ តាមរយៈក្រុមរបស់ខ្លួន ដោយក្លែងបន្លំពាណិជ្ជកម្មរបស់ក្រុមហ៊ុនរបស់កូនក្ដីរបស់មេធាវីទាំងពីរ។
មេធាវីទាំងពីររូបបានបន្តទៀតថា ខាងក្រុមហ៊ុនកូនក្ដីរបស់ខ្លួនក៏បានស្រាវជ្រាវនៅក្រសួងពាណិជ្ជកម្មឃើញថា ឈ្មោះ សាយ បូរ៉ា និង ហេង សុភ័ក្រ នេះពុំបានចុះបញ្ជីក្រុមហ៊ុនត្រឹមត្រូវតាមច្បាប់កំណត់នោះឡើយ គឺពួកគេទាំងពីរ និងបក្ខពួកធ្វើសកម្មភាពពាណិជ្ជកម្មទាំងបំពានច្បាប់។
ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឈានដល់ការចុះបង្ក្រាបតែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីច្បាប់លើករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារអ្នកប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ និងផ្តន្ទាទោស ឬផាកពិន័យចំពោះជនដែលប្រព្រឹត្តផ្ទុយពីច្បាប់៕