(ភ្នំពេញ)៖ ដោយគិតពីសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើអគារអង្គរជ័យ មានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស (BS) ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល៧០ឆ្នាំមកហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញប្រជាពលរដ្ឋដែលរស់នៅអគារនេះ មកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយឲ្យបានសមស្រប ចៀសវាងបាននូវហានិភ័យផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុពីអគារចាស់នេះ។
ការផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌទ្រោមខាងលើ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានី និងមានការចូលរួមពីប្រជាពលរដ្ឋដែលស្នាក់នៅអគារខាងលើនេះ ប្រមាណជាង ១០០នាក់។
លោក ឃួង ស្រេង បានលើកឡើងថា អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម ប៊ីអេស នៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល ៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ដោយយថាហេតុ។ ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ ហៅប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះ មកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ។
លោកក៏បានបញ្ជាក់ផងដែរថា ការអញ្ជើញប្រជាពលរដ្ឋទាំងអស់មកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្របដែលចង់បាន។ អាជ្ញាធររាជធានីភ្នំពេញ រក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀត គឺដើម្បីរក្សាការពារនូវអាយុជីវិត ដោយប្រជាពលរដ្ឋមិនអាចរស់អគារនេះបានទៀតទេ។
លោក ឃួង ស្រេង ក៏បានបន្តលើកឡើងផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបើប្រជាពលរដ្ឋ ជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ អាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ អាចរកម៉ូយមកទិញអគារនេះ ឬក៏អាចឱ្យប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នា ដើម្បីធ្វើការជួសជុលអគារនេះឡើងវិញ។
«អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះ ជាមួយនឹងការប្រឈមមុខនូវហានិភ័យខ្ពស់ បែបសព្វថ្ងៃនេះទេ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ឃួង ស្រេង។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋមួយចំនួន ក៏បានលើកឡើងពីបំណងរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទទួលស្គាល់ថា អគារខាងលើពិតជាអគារចាស់ទ្រុឌទ្រោមពិតមែន និងស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ របៀបដូចជាជួសជុល ឬក៏ការដោះស្រាយនៅអគារនៅប៊ូឌីង។
គួរបញ្ជាក់ផងដែរថា អគារនៅទល់មុខអតីតអាពាណិជ្ជកម្មប៊ីអេសនេះ មានប្រជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារស្មើនឹង១០១បន្ទប់ ប្រជាពលរដ្ឋរស់នៅទីនេះក៏ធ្លាប់ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសេចក្តីជូនដំណឹងអំពីស្ថានភាព អគារចាស់ទ្រុឌទ្រោមនេះជាច្រើនលើកច្រើនសាររួចមកហើយដែរ ដើម្បីឱ្យប្រជាពលរដ្ឋត្រៀមខ្លួន និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយឲ្យបានសមស្រប ដែលប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយ និងជៀសវាងបាននូវហានិភ័យ ដែលកើតចេញពីអគារចាស់ទ្រុឌទ្រោមនេះ ។
កាលពីថ្ងៃទី៥ ខែកក្កដា មានករណីបំណែកដុំថ្មនៃវ៉េរ៉ដា របស់អគារនេះ បានបាក់ធ្លាក់លើរថយន្ត ដែលចតនៅខាងក្រោម តែសំណាង មិនមានគ្រោះថ្នាក់ដល់អាយុជីវិត ម្ចាស់រថយន្ត៕