(ស្វាយរៀង)៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យគ្រឿងឧបភោគបរិភោគចំនួន៤៦គំរូ តែរកពុំឃើញសារធាតុគីមីនោះទេ ដោយឡែកបានរកឃើញរបស់របរមួយចំនួន ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ នៅក្នុងស្លាដក់តាមស្តង់ អាជីករលក់ ដូរមួយចំនួន ស្ថិតនៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្វាយរៀង បានឲ្យដឹងថា របស់របរខូចគុណភាព ហួសកាល បរិច្ឆេទប្រើប្រាស់នៅក្នុងស្លាដក់នោះមានដូចជា ថ្នាំដុសធ្មេញ ប្រេងកូឡា កញ្ចប់តែ ថ្នាំពេទ្យ ទឹកដោះគោ និងទឹកសុទ្ធជាដើម។
លោកបានបន្តថា ក្រោយពីបានកំណត់មុខសញ្ញា និងពិនិត្យទំនិញជាបឋមនៅមន្ទីរពិសោធន៍ (ក ប ប)ខេត្ត សម្រាប់ទំនិញនៅផ្សារវាលយន្តសរុបប្រមាណ៤៦គំរូ មិនមាន សារធាតុគីមីនោះទេ តែបានរកឃើញនៅក្នុងស្លាដក់ភាគច្រើនសុទ្ធខូចគុណភាព ហើយមន្ត្រីជំនាញបានកំណត់ និងដកហូតយកទៅកម្ទេចចោល និងធ្វើកិច្ចសន្យាមិនឲ្យ អាជីវករតាំងលក់របស់ក្លែងក្លាយ ឬខូចគុណភាពកាលបរិច្ឆេទនោះទៀតទេ។
លោកបានបញ្ជាក់ថា មុខទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះ បើយកទៅបរិភោគអាចនឹងធ្វើឱ្យរាគរួស ក្អួតចង្អោរ ខូចក្រលៀន ក្រពះ និងឧស្សាហ៍ វិលមុខ បណ្ដាលឲ្យចុះអន់ថយនូវកម្លាំង និងបង្កឲ្យសុខភាពចុះខ្សោយអាចនឹងមានបញ្ហាដល់អាយុជីវិតទៀតផង។
លោក ផឹង និល ក៏បានធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋទាំងអ្នកលក់ ទាំងអ្នកទិញ មុននឹងទិញរបស់អ្វីមួយសូមពិនិត្យទៅលើកាលបរិច្ឆេទ ប្រើប្រាស់ឲ្យបានច្បាស់លាស់។
លោកបានបញ្ជាក់ថា រដូវបិណ្ឌភ្ជុំបានមកដល់ហើយ ពលរដ្ឋមកទិញទំនិញយកទៅបរិភោគ និងទិញគ្រឿងស្លាដក់ជាដើម យកទៅប្រគេនព្រះសង្ឃ សូមមុននឹងទិញ ត្រូវពិនិត្យមើលទំនិញទាំងនេះផង ព្រោះបច្ចុប្បន្នមន្ត្រីបានដកហូតទំនិញខូចគុណភាព នៅក្នុងស្លាដក់បានជាបន្តបន្ទាប់ផងដែរ៕