(បន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យក្រុមហ៊ុន «តាន់ គីមអេង» ខូ អិល ធី ឌី ដែលបានចាក់ដីលុបចំណីស្ទឹង និងហាតស្ទឹង ឱ្យកាយដីដែលបានចាក់លុបនោះចេញឱ្យអស់ និងឱ្យដូចស្ថានភាពដើមវិញជាកំហិត។
ការបញ្ជាបែបនេះ របស់លោក ហ៊ឹល រ៉ាយ៉ា បានធ្វើឡើងក្នុងឱកាស ដែលលោកបានចុះទៅត្រួតពិនិត្យទីតាំងលុបចំណីស្ទឹង ស្ថិតនៅភូមិព្រះពន្លា (វត្តចាស់) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់តំណាងលោក តាន់ គឹមហួត ជាប្រធានក្រុមហ៊ុន និងអាជ្ញាធក្រុងជាច្រើនផងដែរ។
ក្នុងនោះលោក តាន់ គឹមហួត ដែលជាតំណាងក្រុមហ៊ុនក៏បានយល់ព្រមទៅតាមអាជ្ញាធរ ដោយលោកនឹងយកគ្រឿងចក្រធ្វើការកាយដីពីហាតស្ទឹង ដែលលោកបានចាក់នោះចេញឱ្យដូចនឹងស្ថានភាពដើមវិញ តាមអាជ្ញាធរក្រុងបានកំណត់ជាដើម។
លោក ហ៊ឹល រ៉ាយ៉ា ក៏ធ្លាប់លើកឡើងថា លោកនឹងចាត់វិធានការទៅលើបុគ្គល ឬក្រុមហ៊ុនណា ដែលហានចាក់ដីរំលោភលើដីស្ទឹង អូរ បឹងបួ ឬប្រឡាយ ដែលជារបស់រដ្ឋដោយគ្មានការលើកលែងឡើយ។ ក្នុងនោះរាល់សកម្មការកាយដីក្នុងរូបភាពថាស្តារ ឬអភិវឌ្ឍ ន៍អ្វីមួយដោយយកឈ្មោះថ្នាក់ដឹកនាំណាម្នាក់មកប្រើដោយគ្មានលិខិត ឬច្បាប់អនុញ្ញាត្រឹមត្រូវលោកនឹងមានវិធានការ ដោយមិនបណ្តែតបណ្តោយឱ្យមានការសកម្មភាព កាយដីយ៉ាងអនាធិបតេយ្យនោះទេ ហើយរាល់ការកាយដីស្តារស្ទឹង អាងទឹក បឹងបួ ឬត្រពាំងត្រូវមានកាសុំអនុញ្ញាតច្បាប់ឱ្យបានត្រឹមត្រូវទើបអនុញ្ញាតឱ្យដំណើការបាន។
សូមបញ្ជាក់ថា ក្រោយពីមានសកម្មភាពកាយដីលុបចំណីស្ទឹង និងហាតស្ទឹងខាងលើសាលាសង្កាត់ព្រះពន្លា បានចេញសេចក្តីជូនដំណឹងមួយដែលចេញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ជូនលោក តាន់ គឹមហួត តំណាងដែលក្រុមហ៊ុន តាន់ គីមអេង ខូ អិល ធី ឌី ឱ្យបញ្ឈប់ការចាក់ដីលុបចំណីស្ទឹង និងហាតស្ទឹងខាងលើ ដើម្បីឱ្យក្រុមហ៊ុនកាយដីដែលបានចាក់លុបចេញឱ្យអស់ ឱ្យដូចទៅនឹងស្ថានភាពដើមវិញ៕