(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកការវាយតម្លៃរបស់សហរដ្ឋអាមេរិកថា កម្ពុជាប្រឹងប្រែងតិចតួច ក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស និងផ្ដល់ចំណាត់ថ្នាក់លេខ២ឲ្យនោះ គឺជាការវាយតម្លៃដែលគ្មានតម្លាភាព និងមិនត្រឹមត្រូវ ហើយមកប្រមូលព័ត៌មានដោយមិនបានសហការជាមួយ ស្ថាប័នជំនាញ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញនូវការយល់ឃើញថា ការវាយតម្លៃនេះអាចបាត់តម្លាភាពខ្លះ និងមិនគ្រប់ជ្រុងជ្រោយ ហើយសូម្បីតែតារាងពិន្ទុក៏អ្នកវាយតម្លៃ មិនបានបង្ហាញនោះដែរ។ ប៉ុន្ដែលោកមិនបានលម្អិតទៅលើលក្ខខណ្ឌ ដែលអ្នកវាយតម្លៃកំណត់នោះទេ។
ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បែបនេះធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំស្ដីពី ការង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនគរបាលជាច្រើនរូបទៀតផងដែរ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងខ្ញុំមិនលម្អិតទៅលើលក្ខខណ្ឌ ដែលគាត់កំណត់នោះទេ ប៉ុន្ដែការវាយតម្លៃនេះបាត់តម្លាភាពខ្លះ មិនគ្រប់ជ្រុងជ្រោយទេ។ គាត់មិនដាក់តារាងពិន្ទុរបស់គាត់ឲ្យយើងមើលផង អញ្ចឹងការវាយតម្លៃរបស់គាត់ ជាសិទ្ធិរបស់គាត់ គាត់មិនដែលហៅយើងទៅប្រជុំវាយតម្លៃឯណា»។
ប៉ុន្ដែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា ការវាយតម្លៃទោះកម្រិតណាក៏ដោយ ក៏ជាកិត្តិយសរបស់ប្រទេសកម្ពុជា ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈច្បាស់លាស់ ហើយកងកម្លាំងអ្នកអនុវត្តច្បាប់ ក៏មានស្មារតីនៃការប្ដេជ្ញាចិត្តច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដៅរំដោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការជួញដូរ។
ដោយឡែក ក្នុងកិច្ចប្រជុំដែលពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវទិសដៅស្រួចទៅលើការឯកភាពគ្នា ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំសភាពការណ៍ និងរបាយការណ៍ ដើម្បីសម្ដៅចាត់វិធានការឲ្យមានប្រសិទ្ធភាព។
អ្វីដែលសំខាន់ក្នុងការណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន គឺការស្ដារកិត្តិយសរបស់ប្រទេសកម្ពុជា និងរំដោះជនរងគ្រោះចេញពីអំពើជួញដូរ ហើយរឿងដាក់ចំណាត់ថ្នាក់ជារឿងផ្សេងមួយដោយឡែក។ នេះជាការគូសបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន។
គួរជម្រាបថា យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលប្រមូលបានពីមន្ត្រីជំនាញរបស់នាយកដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ទូទាំងប្រទេសបានបង្ហាញអំពីលទ្ធផល នៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទថា មានភាពល្អប្រសើរជាងមុន នៅឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។
សម្រាប់ការបង្ក្រាប និងសង្គ្រោះជនរងគ្រោះ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ចំនួន២២ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ លើ១៣៤ករណី មានការកើនឡើង ៣៥ករណី ស្មើនឹង ២៦.១១ភាគរយ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២២៩ លើ២២៤នាក់ ក្នុងនោះមានស្ត្រី ៧២នាក់ ក្នុងនោះជនសង្ស័យជាអនីតិជន ចំនួន ១១នាក់ និងជនបរទេសចំនួន ៤០នាក់ មាន៧សញ្ជាតិ។
សង្គ្រោះជនរងគ្រោះបានចំនួន ៤៥៦ លើ២៣០នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១៤១នាក់អាយុ ១៥ ដល់១៧ឆ្នាំ មាន៥៥នាក់ និងអាយុ ១៨ឆ្នាំឡើងទៅ ២៦០នាក់ (ប្រគល់ជូនមន្ទីរសង្គមកិច្ចចំនួន ១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញចំនួន ២៩១នាក់)៕