(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមគោទឹកដោះគីរីសួ ជារបស់ក្រុមហ៊ុនក្នុងស្រុក Khmer Fresh Milk Co., Ltd មានទីតាំងនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។
លោក គួច សុខលី ជានាយកចាត់ការទូទៅបានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមគោទឹកដោះគីរីសួនេះ គឺជាកសិដ្ឋានចិញ្ចឹមគោទឹកដោះទំនើបទាន់សម័យធំជាងគេ និងដំបូងបង្អស់នៅកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសអ៉ីស្រាអែលទាំងការចិញ្ចឹម ការដាំស្មៅជាចំណីលើផ្ទៃដី ២០០ហិកតា រចនាសម្ព័ន្ធស្រោចស្រព (ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត) ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា និងសម្លាប់មេរោគ (Pasteurized milk) និងស្រះស្តុកទឹក (២២,០០០ម៉ឺនម៉ែត្រគូប)។
លោកបន្តថា បច្ចុប្បន្នគោចំនួន៥៦០ក្បាល ត្រូវបាននាំចូលក្នុងនោះ គោចំនួន៣០០ក្បាល ចាប់ផ្តើមផ្តល់ទឹកដោះបាន២០លីត្រក្នុងមួយថ្ងៃ ជាមធ្យមកសិដ្ឋានផលិតទឹកដោះបាន ៦,០០០លីត្រក្នុងមួយថ្ងៃ។ នៅបំណាច់ឆ្នាំនេះសង្ឃឹមថាគោទាំង ៥៦០ក្បាល នឹងផ្តល់ទឹកដោះបានគ្រប់ៗក្បាល ដល់ពេលនោះកសិដ្ឋានអាចផលិតទឹកដោះ បានចំនួន ១០,០០០លីត្រក្នុងមួយថ្ងៃ។ ចំពោះចំណី (ស្មៅ និងពោត) ដាំខ្លួនឯង ដោយឡែកសណ្តែកសៀង និងកាកស្រាបៀប្រមូលទិញក្នុងស្រុក។
លោកបន្តថា ចំពោះសុខភាពសត្វ រាល់សត្វនីមួយៗ ត្រូវបានបំពាក់ដោយសេនស័រ និងលេខកូដនៅជើង ហើយភ្ជាប់ទៅប្រព័ន្ធត្រួត ពិនិត្យសុខភាព ក្នុងករណីគោ ណាមួយ មានបញ្ហាសុខភាពវានឹងបង្ហាញប្រាប់ ជាបន្ទាន់គេនឹងចាត់វិធានការត្រួតពិនិត្យ តាមលក្ខណៈបច្ចេកទេសច្បាស់លាស់មួយ បានទាន់ពេល និងមានប្រសិទ្ធភាព។ បច្ចុប្បន្ន កសិដ្ឋានមានមន្រ្តី បុគ្គលិក និងកម្មករក្នុងស្រុកចំនួន៦០នាក់ និងមន្រ្តីជំនាញបច្ចេកទេស គ្រប់ផ្នែកចំនួន៦នាក់ (អីស្រាអែល៤ និងរុស្សី២)។ នៅក្នុងខែវិច្ឆិកាខាងមុខសង្ឃឹមថា គ្រប់ផ្នែកទាំងអស់ក្នុងកសិដ្ឋាន នឹងចាប់ផ្តើមប្រតិបត្តិការពេញលេញ។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន រហូតសម្រេចទទួលបានជោគជ័យនាថ្ងៃនេះ ហើយភាពជោគជ័យនេះ មិនអាចកាត់ផ្តាច់បានពីការ ចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានអនុម័តលើគម្រោងនេះ ហើយវាពិតជាមោទនភាពរបស់ប្រទេសយើង ដែលមានក្រុមហ៊ុន ក្នុងស្រុកសហការជាមួយបរទេសដាក់ទុន១៥លានដុល្លារវិនិយោគ លើគម្រោងដ៏ធំមួយនេះ។
លោកបានរំលេចថា គម្រោងនេះ ពិតជានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ គម្រោងនឹងជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយ មកប្រើក្នុងការចិញ្ចឹម និងផលិតទឹកដោះ ធានាគុណភាព និងសុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និងអាហារូបត្ថម្ភសម្រាប់កុមារ។
លោករដ្ឋមន្ត្រីបន្តថា គម្រោងបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និស្សិតបញ្ចប់ការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធន៍ គម្រោងបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។ គម្រោងពិតជាបានបំពេញ ឲ្យខ្សែច្រវាក់ផលិតកម្មគ្រប់ជ្រុងជ្រោយ និងពេញលេញ (A to Z) ស្របតាមឆន្ទ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកិច្ចសហការជាមួយវិស័យឯកជន ដើម្បីលើកស្ទួយវិស័យកសិកម្ម តាមរយៈការបន្តជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម (ការចិញ្ចឹមគោទឹកដោះ) ដែលនឹងជួយបង្កើនតម្លៃបន្ថែម រក្សានិរន្តរភាពនៃការផលិត ការផ្គត់ផ្គង់ និងកាត់បន្ថយការនាំចូលផលិតផលទឹកដោះ ធានាបាននូវអាហារូបត្ថម្ភសម្រាប់កុមារ។
ចំពោះសំណើរទាក់ទងតម្លៃភ្លើង លោករដ្ឋមន្ត្រី វេង សាខុន សន្យាថានឹងរង់ចាំសហការទាំង ក្នុងដែនសមត្ថកិច្ចរបស់ក្រសួង តាមដែលអាចធ្វើបាន ដើម្បីឲ្យគម្រោងនេះ ទទួលបានជោគជ័យតាមការគ្រោងទុក៕