(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងប្រធានគណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សាសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាង ជប៉ុន និងកម្ពុជា ។
កិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីក្រសួងសុខាភិបាលនេះ មានការចូលរួមមន្ត្រីជាន់ខ្ពស់ពី ក្រសួងការបរទេស, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងគណៈកម្មការអន្ដរក្រសួងទាំងអស់ ក្នុងគោលបំណង ពិភាក្សារួមគ្នា ស្នើសុំបើកជើងហោះហើររវាង ជប៉ុន-កម្ពុជាឡើងវិញ ដើម្បីជាការអនុញ្ញាតឱ្យនិស្សិតខ្មែរ បានបន្ដការសិក្សានៅជប៉ុន និងបើកទំនាក់ទំនងផ្នែក អ្នកវិនិយោគិន និងធុរជន ដែលត្រូវមកធ្វើការពាណិជ្ជកម្មនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា «កិច្ចប្រជុំនេះ បានឯកភាពជាគោលការណ៍ហើយ នឹងធ្វើជារបាយការណ៍ ដើម្បីសូមឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា»។
គួរបញ្ជាក់ថា កន្លងមកកម្ពុជាមិនបានបិទជើងហោះហើរពីជប៉ុននោះទេ តែដោយសារជប៉ុន បានសម្រេចប្រកាសដាក់ប្រទេសរបស់ខ្លួនទាំងមូលតែម្តង ទៅក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 រហូតដល់ខែឧសភាកន្លងទៅ។ ហើយបើគិតចាប់តាំងពីកម្ពុជា អនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ជនជាតិជប៉ុនចំនួន ៣៧៥នាក់ ត្រូវបានធ្វើដំណើរមកកម្ពុជា។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៦នាក់ (ស្រី៥៤នាក់ និងបុរស ២១២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៨នាក់៕