(កណ្តាល)៖ ជាង៥ឆ្នាំមកហើយជម្លោះដ៏រ៉ាំរ៉ៃ រវាងអាជ្ញាធរ និងប្រជាពលរដ្ឋមួយគ្រួសារ ក្នុងផ្សារស្អាងខាងត្បូង កំពុងអូសបន្លាយតាមផ្លូវតុលាការ ខណៈដែលអាជ្ញាធរនៅតែប្រកាន់ជំហរប្តឹងតតាំង និងភាគីម្ខាងទៀតដើម្បីការពារដីរបស់រដ្ឋ ។
គួររំលឹកថា កាលពីឆ្នាំ២០១៥ លោក ខឹម ច័ន្ទគិរី អភិបាលស្រុកស្អាង បានប្តឹងឈ្មោះ យិន យី ជាប្រជាពលរដ្ឋរស់នៅក្នុងដីផ្សារស្អាងខាងត្បូង ពីបទរំលោភកាន់កាប់ ដីសាធារណៈ (ដីរដ្ឋ) បន្ទាប់ពីឈ្មោះ យិន យី រូបនេះ បានប្តឹងចោទលោក ខឹម ច័ន្ធគិរី ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដែលកាលណោះលោក ខឹម ច័ន្ទគិរី បានបញ្ជាឲ្យគ្រឿងចក្រវាយកម្ទេចរបងលំនៅឋាន របស់ខ្លួនក្នុងផ្សារ ហើយត្រូវតុលាការតម្កល់រឿងអត់ចាត់ការ។
លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ក៏បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News យ៉ាងខ្លីថា ក្នុងសំណុំរឿងនេះ លោកនៅបន្តតួនាទីជាដើមបណ្តឹងតំណាងឲ្យរដ្ឋ ហើយលោកនៅប្រកាន់ជំហរធ្វើជាដើមបណ្តឹង ដើម្បីការពារដីរបស់រដ្ឋ។
លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល កំពុងអនុវត្តនីតិវិធី និងបានចេញដីកាកោះហៅលោក ខឹម ច័ន្ទគិរី ជាដើមបណ្តឹង និងលោក ប៉ោ សេង ម្ចាស់វិនិយោគផ្សារស្អាងជាសាក្សីទី៧ ក្នុងចំណោមប្រជាពលរដ្ឋ៦នាក់ទៀតជាសាក្សី និងបានចេញដីកាបង្គាប់ឲ្យឈ្មោះ យិន យី ចូលខ្លួនដើម្បីសាកសួរពីដំណើររឿងពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលរងការចោទប្រកាន់ ពីបទរំលោភកាន់កាប់ដី សាធារណៈ (ដីរដ្ឋ)៕