(ភ្នំពេញ)៖ ក្រុមហ៊ុន ផាក កាហ្វេ (Park Café Food & Beverage Co., Ltd.) ឥឡូវនេះបានឈានទៅដល់ ការចាប់ដៃគូវិនិយោគ ជាមួយក្រុមហ៊ុន Cambodia-Laos Development Fund (CLDF) ក្នុងរូបភាពជា ការវិនិយោគរួមគ្នា (Joint Venture) ហើយការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេរភាគីសម្រាប់ការវិនិយោគរួមគ្នានេះ ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ នៅ Intercontinental Hotel ។
លទ្ធផលជោគជ័យក្នុងការឈានទៅដល់ការវិនិយោគរួមគ្នានេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទាំងពីរធ្លាប់បានធ្វើជាដៃគូ ដោយក្នុងនោះ CLDF បានផ្ដល់កម្ចីសម្រាប់អភិវឌ្ឍន៍អាជីវកម្មដល់ ផាក កាហ្វេ អស់រយៈពេល៣ឆ្នាំកន្លងមកហើយ។
ក្រុមហ៊ុន CLDF ដែលមានស្នាក់ការកណ្ដាលនៅប្រទេស Luxembourg បានសំរេចចិត្តធ្វើការវិនិយោគរួមជាមួយ ផាក កាហ្វេ បន្ថែមលើប្រាក់កម្ចីចាស់ ក៏ដោយសារតែផលវិជ្ជមានជាច្រើន ក្នុងនោះរួមមាន ភាពស៊ីសង្វាក់គ្នារបស់ក្រុមហ៊ុនទាំងពីរភាពរីកចម្រើន យ៉ាងលឿន និងជាពិសេស តម្លាភាពក្នុងការគ្រប់គ្រងរបស់ ផាក កាហ្វេ ដែលនាំមកនូវទំនុកចិត្តដល់ដៃគូវិនិយោគរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ទំហំវិនិយោគថ្មីនេះនឹងត្រូវបានក្រុមហ៊ុនយកទៅប្រើប្រាស់សំរាប់ពង្រីកអាជីវកម្ម របស់ខ្លួនតាមរយៈការបើក សាខាភោជនីយដ្ឋានចំនួន៤ បន្ថែមនៅឆ្នាំ២០១៦ លើសាខាចំនួន៧ដែលកំពុងដំណើរការនៅទីក្រុងភ្នំពេញ និង ពង្រីក Central Kitchen ដែលទំហំបច្ចុប្បន្ន មិនអាចផ្គត់ផ្គង់តាមការរីកចំរើនរបស់ ផាក កាហ្វេ នៅពេលអនាគតបាន។ ដោយសារមានការគាំទ្រ ពីសំណាក់អតិថិជនបានធ្វើឲ្យ ផាក កាហ្វេ ពង្រីកខ្លួនយ៉ាងលឿន ពី១សាខា រហូតដល់៧សាខានៅឆ្នាំ២០១៥។
បច្ចុប្បន្ន ផាក កាហ្វេ មានបុគ្គលិកប្រមាណជិត ៣០០នាក់ ដែលមានសមត្ថភាពបំរើអតិថិជនបានជិត១លាននាក់ក្នុងមួយឆ្នាំ។
លោក គុយ វ៉ាត នាយកប្រតិបត្តិក្រុមហ៊ុន ផាក កាហ្វេបានដឹងថា និយោគនេះនឹងជួយ ផាក កាហ្វេ ពង្រីកខ្លួនកាន់តែឆាប់រហ័ស និង បង្កើនវិសាលភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែធំទូលាយ ទាំងរាជធានីភ្នំពេញ និង បណ្ដាខេត្ត ក្រុងនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ក៏ដូចជាដំណើរការសំរេចឱ្យបាននូវចក្ខុវិស័យ របស់ក្រុមហ៊ុន ដែលចង់ក្លាយទៅជាភោជនីយដ្ឋាន លំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា ដែលមាន៣៤សាខា នៅឆ្នាំ ២០២០ ដែលបំរើនូវអាហារដ៏សំបូរបែប ដូចជាគុយទាវ កាហ្វេ និង អាហារសម្រន់ផ្សេងទៀត ហើយ ផាក កាហ្វេ ក៏ជាទីកន្លែង មានភាពរស់រវើក រស់រាយរាក់ទាក់ ផលិតផលមានគុណភាពខ្ពស់អនាម័យខ្ពស់គិតគូរដល់សុខភាពគ្មានជាតិប៊ីចេង រួមផ្សំជាមួយបិរយាកាសល្អឥតខ្ចោះ ដោយផ្អែកទៅលើវប្បធម៌អភិវឌ្ឍន៍ឥតឈប់ឈរ នូវផ្នែកធនធានមនុស្ស ក្បូរក្បាច់រចនា និងការរៀបចំទាំងក្នុងនិងក្រៅភោជនីយដ្ឋាន អភិវឌ្ឍន៍ និងច្នៃប្រឌិតគុណភាព ផលិតផល និងសេវាកម្មរបស់ ផាក កាហ្វេ។
គួរបញ្ជាក់ផងដែរថា ផាក កាហ្វេ ជាក្រុមហ៊ុនក្នុងស្រុកធំមួយដែលបានបើកដំណើរការ តាំងពីឆ្នាំ ២០០៤ ហើយមានសមត្ថភាព និង បទពិសោធន៍ប្រកួតប្រជែងជាមួយភោជនីយដ្ឋាន ដទៃទៀតជាង១២ឆ្នាំមកហើយ គិតមកត្រឹមឆ្នាំ ២០១៦នេះ។
ផាក កាហ្វេ កំពុងអភិវឌ្ឍន៍ និងសិក្សាដំណើរការនៃអាជីវកម្មលក់សិទ្ធិ (Franchising) និងមានគោលដៅដាក់ក្រុមហ៊ុនឱ្យដំណើរការក្នុងទីផ្សារភាគហ៊ុន នៅពេលឆាប់ៗខាងមុខនេះ៕