(ឧត្តរមានជ័យ)៖ គិតត្រឹមរយៈពេលមួយខែសីហា ឆ្នាំ២០២០នេះ ថៃបានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ ត្រឡប់មកវិញតាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង បន្ទាប់ពីបានជាប់ទោសអស់រយៈពេលជាច្រើនឆ្នាំក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់។
បើតាមការឲ្យដឹងពីមន្ត្រីសាលាខេត្តឧត្តរមានជ័យ ត្រឹមរយៈពេលមួយខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរថៃខេត្តសុរិន្ទ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ត្រឡប់មកវិញ បន្ទាប់ពីបានជាប់ទោសក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង។
ដោយឡែក នៅវេលម៉ោង០២៖២១នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរថៃបានបញ្ជូនខ្លួនអ្នកទោសខ្មែរម្នាក់ឈ្មោះ អឿន កឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ត្រឡប់មកវិញ បន្ទាប់ពីជាប់ទោសនៅខេត្តសុរិន្ទអស់រយៈពេល ២,៤ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង។
បន្ទាប់ពីបានស្គែនកំដៅរកមេរោគកូវីដ១ ៩និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល សមត្ថកិច្ចបានធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងបានអោយវិលត្រឡប់មកលំនៅដ្ឋានវិញ៕